(ភ្នំពេញ)៖ ក្រោយចាប់ខ្លួនជន៤នាក់ ជាប់សង្ស័យវាយប្លន់យកម៉ូតូ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះកម្លាំងនគរបាលប៉ុស្ដិ៍ ខណ្ឌឫស្សីកែវ បានស្រាវជ្រាវឈានដល់ការបង្ក្រាបចាប់ខ្លួនម្នាក់ទៀត ដែលនៅសេសសល់កាលពីវេលាម៉ោង ០១៖៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចលើសួនច្បារ មុខឃ្លាំងសាំងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនត្រូវជាប់សង្ស័យឈ្មោះ មាស រតនា ហៅបារាំង អាយុ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនបក្ខសពួកជនសង្ស័យ៤នាក់ មកសាកសួរកាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ធ្វើការស្រាវជ្រាវទើបអាចកំណត់បានមុខសញ្ញា ដែលនៅសេសសល់ ឈានដល់ការបង្ក្រាបចាប់ខ្លួនម្នាក់ទៀត ខាងលើគឺជាមុខសញ្ញាវាយប្លន់យកម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យត្រូវជាប់សង្ស័យបាននិងកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ចូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕