(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការ មកកាន់ទីក្រុង Bangkok នេះយោងតាមព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
ការអញ្ជើញជាថ្មីម្តងទៀត របស់លោកនាយករដ្ឋមន្ត្រីថៃ ចំពោះប្រធានាធិបតីរុស្ស៊ី បានធ្វើឡើងនៅអំឡុងជំនួប របស់លោកនាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារ ជាមួយនឹងឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសថៃ លោក Kirill Barsky នាវិមានរដ្ឋាភិបាល នេះបើតាមអនុអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Virachon Sukhonthapatipak បានឲ្យដឹងនៅថ្ងៃពុធនេះ។
លោក Prayut កាលពីពេលថ្មីៗនេះ បានធ្វើការអញ្ជើញលោក Putin សម្រាប់ដំណើរទស្សនកិច្ច មកកាន់ទីក្រុង Bangkok តាមរយៈ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitri Medvedev ដែលបានធ្វើដំណើរទស្សនកិច្ច ជាផ្លូវការមួយ មកកាន់រាជធានីរបស់ថៃ កាលពីខែមេសាកន្លងទៅ។
មេដឹកនាំរុស្ស៊ី មិនទាន់ធ្វើការឆ្លើយតបនៅឡើយនោះទេ ថាតើលោកនឹងអាចមកធ្វើដំណើរទស្សនកិច្ច នៅពេលណាស្របទៅតាមការអញ្ជើញ ខណៈនាយករដ្ឋមន្ត្រីថៃ គួរតែធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីជាមុន តាមឱកាសដែលអាចធ្វើទៅបាន នេះបើតាមប្រភពពី អ្នកនាំពាក្យខាងលើបានបញ្ចាក់។
សូមជំរាបថា ទំនាក់ទំនងការទូតរវាងថៃ-រុស្ស៊ី បានឈានដល់គម្រប់១២០ឆ្នាំហើយ សម្រាប់ឆ្នាំ២០១៦នេះ ដោយប្រទេសទាំងពីរ បានព្រមព្រៀងគ្នាក្នុងការពង្រីក និងបង្កើនផលប្រយោជន៍ទ្វេរភាគី តាមរយៈការធ្វើពាណិជ្ជកម្ម, វិនិយោគ, កិច្ចសហប្រតិបត្តិការយោធា និងវិស័យទេសចរណ៍៕