(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។
ក្នុងជំនួបនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននៅទូទាំងពិភពលោកកំពុងតែបន្តរាតត្បាតគួរឲ្យព្រួយបារម្ភ។ នាយឧត្ដមសេនីយ៍បានបញ្ជាក់ថា សម្រាប់កម្ពុជា ថ្វីត្បិតតែជាប្រទេសតូចតែកម្ពុជាបានគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ១៩នេះប្រកបដោយប្រសិទ្ធភាព។ ទាំងនេះក៏អាស្រ័យដោយមានការដឹកនាំត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការនានា រួមទាំងការចូលរួមពីមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋផងដែរ។
ទាក់ទិននឹងទំនាក់ទំនងប្រទេសទាំងពីរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ ចង់បានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនៅលើសកលលោក ដោយឈរលើគោលការណ៍ស្មើភាព គោរពអធិបតេយ្យគ្នាទៅវិញទៅមក។ ដោយឡែកសម្រាប់ប្រទេសទីម័រខាងកើត រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រដល់ការសម្រេចចិត្តរបស់ប្រជាជនទីម័រក្នុងការប្រកាសឯករាជ្យ ហើយមកដល់បច្ចុប្បន្នកម្ពុជាបានគាំទ្រក្នុងការឲ្យប្រទេសទីម័របានចូលជាសមាជិកទី១១នៃសមាគមអាស៊ានផងដែរ។ នាយឧត្ដមសេនីយ៍សង្ឃឹមថា នៅពេលអនាគតប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ពិសេសលើវិស័យសន្តិសុខ។
ជាកិច្ចឆ្លើយតប លោក Ermenegildo Kupa Lopes បានលើកឡើងពីកិច្ចទំនាក់ទំនងរវាងកម្ពុជា និង ទីម័រខាងកើតដែលមានជាយូរលង់មកហើយ ដែលបង្ហាញពីសេចក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជាមានសន្ទុះឡើងខ្ពស់ ហើយអាចក្លាយជាគូរប្រជែងដ៍ធំជាមួយប្រទេសជិតខាង។
ពាក់ព័ន្ធដល់វិស័យកងទ័ព លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ដោយសារកម្ពុជា និង ទីម័រ មានប្រវត្តិសាស្ត្រស្រដៀងគ្នា សំខាន់ណាស់ក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសកងទ័ពជើងទឹក ដើម្បីសិក្សាលើការគ្រប់គ្រងធនធានក្នុងដែនសមុទ្រ។