(ភ្នំពេញ)៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងអះអាងថា ក្នុងកំលុងពេលជួបប្រទះនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា សន្ទុះនៃកំណើនការចិញ្ចឹមសត្វមានការកើនឡើងយ៉ាងខ្លាំង ដោយទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្ដថា ការចិញ្ចឹមសត្វកំលុងពេលពីខែមករា ឆ្នាំ២០២០ រហូតដល់ពេលនេះ មានការកើនឡើងខ្លាំងមែនទែន និយាយដោយឡែកលើការចិញ្ចឹមសត្វមាន់វិញ ប្រជាកសិករនាំគ្នាសម្រុកចិញ្ចឹមរហូត ដល់លើសតម្រូវការទៀតផង។ ការចិញ្ចឹមសត្វមាន់លើសតម្រូវការនេះ បណ្ដាលមកពីការចិញ្ចឹម ដោយគ្មានការគ្រប់គ្រង់ទីផ្សារបានត្រឹមត្រូវ។ មួយវិញទៀតដោយសារតែខ្លាចជំងឺប៉េស្ដិជ្រូកអាហ្វ្រិក ទើបប្រជាពរដ្ឋសម្រុកចិញ្ចឹមមាន់ និងឈប់ចិញ្ចឹមជ្រូក ជាហេតុធ្វើឲ្យការចិញ្ចឹមលើសតម្រូវការ ។ កត្តាមួយទៀតគឺប្រជាពលរដ្ឋគិតតែចិញ្ចឹម ប៉ុន្ដែមិនបានសិក្សាពីទីផ្សារច្បាស់លាស់នោះឡើយ ទីផ្សារកម្ពុជាមានដែនកំណត់ ដែលត្រូវការសត្វមាន់ត្រឹមតែ១០-១២ម៉ឺនក្បាលក្នុងមួយថ្ងៃ។
ប្រធានសមាគមរូបនេះបញ្ជាក់ថា ដោយសារតែលើសតម្រូវការនេះហើយ ទើបធ្វើឲ្យកសិករដែលចិញ្ចឹមសត្វមាន់ មានការលំបាក់បន្ដិចបន្ដួច ដោយទទួលបានចំណេញតិច។
លោក ស្រ៊ុន ពៅ ថ្លែងបញ្ជាក់ថា «ងាកមកមើលការចិញ្ចឹមជ្រូកក្នុងពេលនេះវិញ គឺទទួលបានតម្លៃល្អណាស់ ដែលធ្វើឲ្យកសិករ, ក្រុមហ៊ុន និងកសិដ្ឋានទទួលយកបាន ដោយសារតម្លៃសមរម្យ និងចំណេញបានច្រើន។ ការចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ននេះ មានកំណើនការឡើង ដោយក្នុងមួយថ្ងៃអាចផ្គត់ផ្គង់ចូលទីផ្សារបានប្រមាណ៥-៦ពាន់ក្បាល ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ»។
លោកបានបន្ថែមថា ផលល្អទាំងនេះទទួលបានពីការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ និងភាគីពាក់ព័ន្ធដទៃទៀត។ ភាពល្អប្រសើរទាំងនេះបានធ្វើឲ្យ ប្រជាកសិករក្នុងស្រុក សប្បាយរីករាយយ៉ាងខ្លាំង និងបានបន្ដខិតខំបន្ដទៀត។
ប្រធានសមាគមរូបនេះបន្ដថា «បច្ចុប្បន្ននេះមានការចិញ្ចឹមច្រើន ដូចជាការចិញ្ចឹមត្រី, ចិញ្ចឹមសត្វទា ដែលអាចផ្គត់ផ្គង់ទីផ្សារបាន។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ក៏យើងនៅតែទទួលរងផលប៉ះពាល់ខ្លះៗដូចជា ការធ្លាក់ថ្លៃនៃពងមាន់ក្នុងស្រុក កត្តាដែលធ្វើឲ្យធ្លាក់ថ្លៃ ដោយសាតែមានការនាំចូលពងមាន់ ពីប្រទេសវៀតណាម, ថៃជាដើម»។
លោក ស្រ៊ុន ពៅ អះអាងថា «ការបញ្ជាក់ពីកំណើននៃការចិញ្ចឹមសត្វ របស់ប្រជាកសិករមានការកើនឡើងនេះ គឺសំអាងលើការចុះដោយផ្ទាល់ដល់ទីកន្លែង។ ជាក់ស្ដែងសមាគមបានចុះធ្វើសិក្ខាសាលាក្នុងខេត្តសៀមរាប ឃើញថាប្រជាពលរដ្ឋបាននាំកូនជ្រូកពូជ ពីប្រទេសថៃប្រមាណ៦-៧ម៉ឺនក្បាលមកកម្ពុជា ដោយចំនួននេះមិនទាន់បានបំពេញតម្រូវការ បានគ្រប់គ្រាន់ឡើយ»។
លោកបន្ថែមថា នៅកម្ពុជាមិនទាន់មានលទ្ធភាព ក្នុងការលក់ចែកចាយកូនជ្រូកចិញ្ចឹម និងកូនជ្រូកពូជ ដូច្នេះយើងរំពឹងការនាំចូលកូនជ្រូកពីប្រទេសថៃ។ រយៈពេល៦ខែឆ្នាំ២០២០នេះ បើតាមស្ថិតិរបស់សមាគមឃើញថា ការនាំចូលកូនជ្រូកពីប្រទេសថៃប្រមាណ៧-៨ម៉ឺនក្បាល ចំណែកមេជ្រូកនាំចូលប្រមាណ៥-៦ពាន់ក្បាល ចំនួននេះមិនបានគិតពីក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតផង៕