(កណ្តាល)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោកស្រីតំណាងឱ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងសហការី នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកនូវគ្រឿងបរិក្ខារ ទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សាប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំ ព្រះវស្សារយៈកាល១ត្រីមាស ចំនួន២៩វត្ត ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅវត្តវិហារបិទមាស។
លោក នៃ ចារី បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដែលយើងទាំងអស់គ្នាមានជំនឿនិងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។
លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួនក្នុងការការពារពីជំងឺកូវីដ-១៩នោះឡើយ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រលកទី២។
សូមជម្រាបថា សម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃ ដល់វត្តទាំង២៩វត្ត រួមមាន៖ បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សាក្នុង១វត្ត ៤០ម៉ឺនរៀល, ទៀន១គូរ អង្ករ៥០គីឡូក្រាម និងស្លាដក១។ ដោយឡែកវត្តវិហារបិទមាស បច្ច័យ៦០ម៉ឺនរៀល អង្ករ២បាវ ទឹកផ្លែឈើ២កេស ទៀនវស្សា ១គូរ ស្លាកដក១ និងព្រះសង្ឃចំនួន៣៦អង្ឃ ក្នុង១អង្គ៤ម៉ឺនរៀល ព្រមទាំងយាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន៧០នាក់ ក្នុង១នាក់ ថវិកា២ម៉ឺនរៀល៕