(កំពង់ចាម)៖ ប្រធានមន្ទីរកិច្ចនារីថ្មីខេត្តកំពង់ចាម ត្រូវបានប្រកាសឲ្យចូលកាន់តំណែងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួង កិច្ចការនារី និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោកស្រី ឯម ថាវី ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីថ្មីខេត្តកំពង់ចាម ជំនួសលោកស្រី ដុក ណារុំ ដែលត្រូវចូលនិវត្តន៍។
នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានណែនាំប្រធានមន្ទីរកិច្ចការនារី ដែលទើបប្រកាសចូលកាន់តំណែងថ្មី ឱ្យត្រៀមចិត្តព្រោះការឡើងតួនាទីនេះ វាជាអំរែក ដែលត្រូវទទួលបន្ទុក លើកិច្ចការជាច្រើន ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា៖ «ជាការពិតណាស់ថាការឡើងតួនាទីទទួលមុខតំណែងថ្មី វាជាការសប្បាយរីករាយ ប៉ុន្តែសូមកុំភ្លេចថា ការទទួលមុខតំណែងថ្មី វាក៏ជាអំរែកយ៉ាងធ្ងន់ ក្នុងការបំពេញភារកិច្ច ខុសអំពីកាលពីនៅឋានៈជាអនុប្រធានមន្ទីរ»។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានបន្តថា ដោយមានគោលនយោបាយដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យសមិទ្ធផលនានាក្នុងខេត្ត បានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស និងមានភាពរីកចម្រើន គួរឱ្យកត់សម្គាល់ដូចជា៖ បានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រី និងកុមារ ការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។
លោកអភិបាលខេត្ត បានបន្ថែមថា អាស្រ័យដោយមានការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីរួមចំណែកកាត់ បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ ធ្វើឱ្យស្ថានភាពស្រ្តីក្នុងខេត្តកំពង់ចាម មានការអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់។
លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរកិច្ចការនារីខេត្ត ក្រោមការដឹកនាំរបស់លោកស្រី ដុក ណារុំ ជាប្រធានមន្ទីរកិច្ចការនារីចាស់កន្លងមក ដោយបានយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារ តាម តួនាទីភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យការអនុវត្តការងារកិច្ចការនារី សម្រេចបានលទ្ធផលល្អប្រសើរ បានចូលរួមចំណែកក្នុង ការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាពស្រី្ត និងកុមារ ជាពិសេសការជួយពង្រឹងសមត្ថភាពស្ត្រី ទាំងចំណេះដឹង ចំណេះធ្វើ ទាំងក្នុងការងារសេដ្ឋកិច្ច និងការសម្រេចចិត្តនានា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរកិច្ចការនារីថ្មី ដែលទើបទទួលបានការតែងតាំង ត្រូវបន្តបេសកកម្ម ដឹកនាំអនុវត្តការងារកិច្ចការនារី ក្នុងខេត្តឲ្យកាន់តែទទួលបាន លទ្ធផលល្អប្រសើរថែមទៀត ជាពិសេសក្នុងការលើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រ ការពង្រឹង សិទ្ធិអំណាចស្ដ្រី ការពារ និងផ្ដល់សេវាអប់រំសុខភាពរួមទាំងការងារជាច្រើនទៀត ដើម្បីជាប្រយោជន៍សម្រាប់ស្ត្រី កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ។
លោកស្រីរដ្ឋមន្រ្តី បានណែនាំ ត្រូវខិតខំពង្រឹង ការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានានិរន្តភាពការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំមន្ត្រីរាជការ ក្រោមឱវាទឲ្យបានល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អ ជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន៕