Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបមុខសញ្ញាលួចរថយន្ដ និងប្រើប្រាស់គ្រឿងញៀន សរុប៣ករណីផ្សេងគ្នា ឃាត់ខ្លួនមនុស្ស៤នាក់ នៅក្រុងព្រះសីហនុ

06-07-2020 10:37

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចរថយន្ដ និងក្រុមជួញដូរគ្រឿងញៀន ៣ករណីផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ករណទី១ បង្ក្រាបករណីលួចរថយន្ត និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ ណែម ភារុណ អាយុ៣០ឆ្នាំ និងទី២៖ឈ្មោះ លី ង៉ែត អាយុ២១ឆ្នាំ ដកហូតបានវត្ថុតាង អាវុធខ្លី១ដើម បង់១ និងគ្រាប់៤គ្រាប់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ រករថយន្តដែលជាផលនៃអំពើលួច។

ដោយឡែក ២ករណីផ្សេងទៀត គឺជួញដូរ និងចែកចាយគ្រឿងញៀន នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ធឿន អាយុ៦៨ឆ្នាំ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន១កញ្ចប់ធំ និងទូរស័ព្ទដៃ១គ្រឿង។ មួយករណីទៀត នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឈាន ឈឹប អាយុ២៨ឆ្នាំ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន១៣កញ្ចប់ (៨កញ្ចប់ធំ, ៥កញ្ចប់តូច) និងទូរស័ព្ទដៃ១គ្រឿង៕