(សៀមរាប)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំក្រុមការងារមើលដំណើរការបន្ទប់សង្គ្រោះបន្ទាន់កុមារ (PICU) និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាល (NICU) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានចូលរួមផ្ដល់វិភាគទានចំនួន ១ ០០០ ០០០ដុល្លារ ដើម្បីចូលរួមក្នុងការចំណាយសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនានា។
ការចុះពិនិត្យនេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា។
ការសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅបន្ទប់សង្គ្រោះបន្ទាន់ទាំងពីរ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាបនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើននៃទារក និងកុមារ ដែលមកទទួលសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ហើយនេះក៏ជាលើកទី២ ដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានចូលរួមវិភាគទានក្នុងការសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនានា នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដែលមានលក្ខណៈទំនើបបែបនេះ ដោយលើក០១ត្រូវបាធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៃអគារគន្ធបុប្ផា មុនិនាថ សីហមុនី កាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ បន្ថែមលើការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុជាប្រចាំដល់កិច្ចដំណើរការរបស់មន្ទីពេទ្យគន្ធបុប្ផានេះ។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ទីតាំង បានពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមាររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែលត្រូវចំណាយថវិកាប្រមាណពី ៤៥លាន ទៅ ៥០លានដុល្លារ ក្នុងមួយឆ្នាំ។
ថវិកាចំណាយទាំងនេះបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់មូលនិធិគន្ធបុប្ផាស្វីស ឬមូលនិធិគន្ធបុប្ផា Dr. Beat Richner, រាជរដ្ឋាភិបាលកម្ពុជា, និងមូលនិធិគន្ធបុប្ផាកម្ពុជា ដែលទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីនាំមកនូវស្នាមញញឹមដល់កុមារ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្រោមពាក្យស្លោក «ខ្មែរជួយខ្មែរ» និងដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមាររាប់លាននាក់នៅកម្ពុជា ដែលជាអទិភាពមួយនៃក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ៕