(សៀមរាប)៖ នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ បច្ច័យ និងទៀនចំណាំព្រះវស្សា ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៩វត្ត នៅស្រុកស្រីស្នំ។
ពិធីនេះប្រារព្ធឡើង នៅបរិវេណវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ក្រោមអធិបតីភាពលោក លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកស្រីស្នំ និងលោកស្រី ព្រមទាំង លោក លោកស្រី អនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងស្រុក និងប្រជាពុទ្ធបរិស័ទជាច្រើននាក់ ផងដែរ។
លើកឡើងក្នុងឱកាសនោះ លោក លន់ សុធី បញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ពេញលេញ រយ:ពេល ២១ឆ្នាំមកហើយ ព្រមជាមួយការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយនោះ វិស័យអាណាចក្រ និងពុទ្ឋចក្រ តែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមជួយស្តារ និងអភិវឌ្ឍន័សង្គមជាតិឱ្យមានរីកចំរើន។ ដូច្នេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាលបន្តទៅមុខឲ្យបានយូរអង្វែង សម្រាប់មនុស្សជំនាន់។
លោកប្រធានក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន ចំពោះ ជំងឺកូវីដ-១៩ ទោះបីរាជរដ្ឋាភិបាល បានទប់ស្កាត់ជំងឺនេះប្រកបដោយប្រសិទ្ធភាព និងពុំមានការរីករាលក្នុងសហគមន៍យ៉ាងណាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តរក្សាអនាម័យដៃជាប់ជានិច្ច និងចៀសវាងការធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ តាមការលួងលោមរបស់ជនខិលខូចមួយចំនួន។
សូមបញ្ជាក់ថា៖ ទេយ្យវត្ថុ ដែលបានប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តទាំង៩ ក្នុងស្រុកស្រីស្នំ គឺក្នុងមួយវត្តៗ ទទួលបាន ទៀនចំណាំវស្សាចំនួន ១គូ, សាដក ១, អង្ករ ៥០គ.ក, ទឹកដោះគោ ១០កំប៉ុង, តែ ១ថង់ធំ, មី ២កេសតូច, ទឹកភេសជ្ជៈ ២យូរ, ទឹកបរិសុទ្ធ ៥យូរ, អំបិល ១០គ.ក, ត្រីខកំប៉ុង ១យូរ, ទឹកស៊ីអីវ ១យួរ, ទឹកត្រី ១យួរ, ប៊ីចេង ១គ.ក, ស្ករស ១គ.ក, ប្រេងម៉ាស៊ូត ១០លីត្រ, និងបច្ច័យ ចំនួន ៣០ម៉ឺន ៥ពាន់រៀល។
ដោយឡែក លោកតាអាចារ្យម្នាក់ ទទួលបានថវិកា ៦ម៉ឺនរៀល, ចុងភៅទទួលបានថវិកា ១០ម៉ឹនរៀល, និងតាជី យាយជី ៨៥នាក់ ម្នាក់ៗទទួលបានថវិការ ១៥,០០០រៀល។ ដែលបច្ច័យទាំងអស់ ជាថវិកាផ្ទាល់របស់ប្រធានក្រុមការងារ និងមានការចូលរួមពី លោក លោកស្រីអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុកចុះជួយស្រុកស្រីស្នំ សរុបជាទឺកប្រាក់ចំនួន ១០លាន និង ៧០ម៉ឺនរៀល៕