(ភ្នំពេញ)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានស្នើដល់ លោកស្រី ភឿង សក្កុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យចាត់វិធានការលើ ផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលបានផលិតវីដេអូចម្រៀង មានខ្លឹមសារប្រមាថដល់អ្នកខេត្តព្រៃវែង។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
នៅក្នុងលិខិតរបស់ខ្លួន លោក ជា សុមេធី បានអះអាងប្រាប់រដ្ឋមន្រ្តីក្រសួងវប្បធម៌ថា៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ផលិតកម្ម មរតក មេឃុំ (Morodok Media) បានបង្ហោះឃ្លីបវីឌី បទចម្រៀង «អ្នកព្រៃវែងរអាក្រក់ត្រង់ណា» ក្នុងបណ្ដាញផ្សព្វផ្សាយសង្គម Page: Morodok Media និងបណ្ដាញយូធូប(YouTube) ដែលក្នុងខ្លឹមសារ និងរូបភាពនោះ បាននិយាយថា «អ្នកព្រៃវែង សុទ្ធតែអ្នកមិនល្អ ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និងជាអ្នកក្រ»។
លោកបានបន្តថា ក្នុងអត្ថន័យប្រើបវីឌីអូ បទចម្រៀងនេះ រដ្ឋបាលខេត្តព្រៃវែង យល់ឃើញថា៖
១៖ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសតិអារម្មណ៍ ប្រជាពលរដ្ឋខេត្តព្រៃវែង ២៖ ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌ មកលើប្រជាពលរដ្ឋខេត្តព្រៃវែង ៣៖ បង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង ៤៖ ជាសកម្មភាពវិទ្ធង្សនាវប្បធម៌យ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាជាតិកម្ពុជា។
ផ្អែកតាមខ្លឹមសារខាងលើនេះ រដ្ឋបាលខេត្តព្រៃវែង សូមស្នើសុំដូចខាងក្រោម៖
១៖ ចាត់វិធានការច្បាប់ចំពោះផលិតកម្ម មរតក មេឌៀ ជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់ បង្កឱ្យមានការរើសអើង និងប្រព្រឹត្តបទល្មើស
២៖ ផលិតកម្ម មរតក មេឌៀ ត្រូវលុបប្រើបវីឌីអូ និងធ្វើការបកស្រាយសុំទោសជាសាធារណៈ៕
ខាងក្រោមនេះជាលិខិតរបស់អភិបាលខេត្តព្រៃវែង៖