(ភ្នំពេញ)៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានកសាងគណបក្ស កសាងអង្គការសហជីព ចលនាកម្មករ និយោជិត ក្នុងខណ្ឌមានជ័យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់សមាជិកសមាគម ដឹកជញ្ជូន និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងសង្កាត់ចាក់អង្រែក្រោម ចំនួន ៨៥នាក់ ដែលមកពីសមាគមដឹកជញ្ជូនក្រៅប្រព័ន្ធ អ្នករត់តុតុ ម៉ូតូឌុប។
ពិធីនេះ ក៏មានការចូលរួមមានពីសំណាក់លោក ហេង ប៊ុនឈុន អនុប្រធានក្រុមការងារកសាងគណបក្ស កសាងអង្គការ សហជីព និយោជិក ក្នុងខណ្ឌមានជ័យ, លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម, លោក នាក់ ហេង ប្រធានសមាគមក្រៅប្រព័ន្ធ និងជាអ្នកពិគ្រោះយោបល់ សម្របសម្រួល និងការពារសិទ្ធិពលករ, ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព ខណ្ឌមានជ័យ, ក្រុមការងារសហជីព, និងមេភូមិទាំងអស់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យជាច្រើនកុះករ។
នាឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ បានលើកឡើងថា កន្លងមករដ្ឋបាលខណ្ឌមានជ័យ បានសហការជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ផ្តល់ប័ណ្ណមូលនិធិសសមធម៌សុខាភិបាល ជូនដល់សមាជិកសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ បានចំនួន ១,៣០៨ប័ណ្ណ ជាក់ស្ដែងថ្ងៃនេះនៅសង្កាត់ចាក់អង្រែក្រោម ចំនួន ៨៥នាក់ បន្ថែមទៀត សរុបរួមចំនួន ១,៣០៩ប័ណ្ណ។
លោក ឌី រ័ត្នខេមរុណ បានបន្ថែមថា ក្នុងនាមអាជ្ញាធរខណ្ឌមានជ័យ តែងតែគិតគូពីបញ្ហាសុខទុក្ខលំបាលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាខិតខំ ផ្សព្វផ្សាយ អប់រំ នៅតាមបណ្តាភូមិ តាមសង្កាត់ទាំង៧ ក្នុងខណ្ឌ នូវវិធានការ បង្ការ ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ -១៩ ដោយបានសហការបន្តចុះជួយប្រជាពលរដ្ឋ នៅការបាញ់ថ្នាំបំភាយ សម្លាប់មេរោគកូវីដ -១៩ ក្នុងសង្កាត់ចាក់អង្រែក្រោម និងបន្តតាមសង្កាត់ផ្សេងទៀត។
លោកបានបញ្ជាក់ថា រដ្ឋបាលខណ្ឌក៏បានខិតខំទប់ស្កាត់ ជំងឺកូវីដ-១៩ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមកន្លែងសប្បាយភាពមួយចំនួន ជាពិសេស កម្មករ កម្មការនី ចំណាកស្រុក និងពលករដែរមកតាមបណ្តាលប្រទេសផ្សេងទៀត ក្នុងការរៀបចំធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដើម្បីកុំឲ្យមានការរីករាលដាលឆ្លងពីមនុស្សម្នាក់ៗទៅមនុស្សម្នាក់ ក៏ដូចជាសហគមន៍ផងដែរ។
លោក សោម អូន បានថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរខណ្ឌ និងក្រុមការងារសភាសម្ពន្ធ័សហជីពជាតិកម្ពុជា ដែលបានសហការគ្នាយ៉ាងល្អក្នុងការចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ក៏ដូចជាបន្តសហការជាមួយ រដ្ឋបាលខណ្ឌមានជ័យ ដើម្បីផ្តល់ប័ណ្ណ មូលនិធិសមធម៌សុខាភិបាល ជូនដល់សមាជិកសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ នាព្រឹកនេះ។ លោកសំណូមពរ សូមសហការបន្តទៀតនៅតាមបណ្តាសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ និងតាមបណ្តាខ័ណ្ឌទាំងអស់ ស្របតាមគោលការណ៍របស់ រាជរដ្ឋាភិបាល។
លោក សោម អូន បានបន្តថា ទោះបីស្ថានភាពបច្ចុប្បន្នកំពង់ជួបបញ្ហាលំបាកដោយសារជំងឺ កូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅតែបន្តគិតគូរ សុខសុវត្ថិភាព ជាពិសេសផ្នែកសុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដោយរដ្ឋផ្តល់ជូនកម្មករ ៤០ដុល្លារ បន្ថែមលើថៅកែ ៣០ដុល្លារ នៅអំឡុងពេលរោងចក្រព្យួរការងារ និងជាពិសេសនៅពេលបច្ចុប្បន្ននេះដែរ គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណ ៥៩ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលជួយ។
លោក សោម អូន ក៏បានផ្តាំផ្ញើដល់ពូមីង បងប្អូនទាំងអស់ សូមមេត្តារក្សាប័ណ្ឌនេះឲ្យបានល្អ ពីព្រោះវាមានសារ:សំខាន់ណាស់ គឺមិនចាំបាច់ចំណាយថវិកា ទេនៅពេលទៅទទួលសេវាពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យ ឬនៅតាមមណ្ឌលសុខភាពរបស់រដ្ឋ៕