(ភ្នំពេញ)៖ សព្វថ្ងៃចំពោះបញ្ហាកូវីដ-១៩ ដែលបាននឹងកំពុងរាតត្បាតពាសពេញពិភពលោក ត្រូវបានគេមើលឃើញអំពីវិធានការណ៍នានា របស់ប្រទេសក្នុងពិភពលោក។ ក្នុងនោះចំណាត់ការរបស់ប្រទេសខ្លះ កំពុងទទួលបានជោគជ័យ និងប្រទេសខ្លះទៀតកំពុងជួបប្រទះនឹងការលំបាក។
តើវិធានការណ៍ប្រឆំាងមេរោគកូវីដ-១៩ នៅកម្ពុជា អាចចាត់ទុកជាចំណាត់ការលំដាប់អន្ដរជាតិដែរឬទេ?
អ្នកជំនាញអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងដោយកត់សម្គាល់ថា សព្វថ្ងៃបើនិយាយពីមេរោគកូវីដ-១៩ ដែលបានចាប់បដិសន្ធិនៅប្រទេសចិន នាចុងឆ្នំា២០១៩ ហើយបានរាតត្បាតជាង២០០ប្រទេស ដោយមិនប្រកាន់ប្រទេសតូច, ប្រទេសមហាអំណាច, ប្រទេសអ្នកក្រ ,ប្រទេសអ្នកមាននោះទេ។ ដោយទ្បែកនៅកម្ពុជា បើនិយាយពីការឆ្លងនេះ គឺបានចាប់ផ្ដើមដំបូងនៅខែមីនា ឆ្នាំ២០២០ ដោយឆ្លងពីករណីទី១ បន្ដមកទៀតករណីទី២, ៣, ៤, ១០... រហូតផ្ទុះបន្ដបន្ទាប់១២៣នាក់ អាចហៅថា «ដំណាក់កាលទី១ »នេះ គឺមិនខុសពីនានាប្រទេសលើពិភពលោកនោះដែរ។
«បានសេចក្ដីថាចំពោះការឆ្លងដំណាក់កាលទី១ ចំនួន១២៣នាក់ ហើយត្រូវបានរាជរដ្ឋាភិបាលព្យាបាលឲ្យជា១០០% មកនេះ ជាជោគជ័យដ៏ធំធេងណាស់សម្រាប់កម្ពុជា បើប្រៀបធៀបនានាប្រទេសលើពិភពលោក បើទោះបីពេលនេះ មានការឆ្លងពីក្រៅប្រទេសថ្មីៗបន្ថែមទៀត បើគិតពីដំណាក់កាលទី១ សរុបមានចំនួន១៤១នាក់ និងព្យាបាលឲ្យជាសះស្បើយបានចំនួន១៣១នាក់ និងនៅតែ១០នាក់ទៀត កំពុងទទួលថែទំាព្យាបាលយ៉ាងយកចិត្ដទុកពីគ្រូពេទ្យកម្ពុជាក៏ដោយ»។ នេះជាការគូសបញ្ជាក់ របស់លោក រ័ត្ន សណ្តាប់។
លោក រត្ន័ សណ្ដាប់ បន្ដថា ក្នុងន័យនេះ បើពិនិត្យអំពីវិធានការណ៍ប្រឆំាងមេរោគកូវីដ-១៩ ដោយស្ថិតក្រោមការដឹកនំាប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន មិនបានបង្អង់ដៃទ្បើយ ពីព្រោះម្យ៉ាងបានដឹងពីសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) អំពីជំងឺដ៏កាចសាហាវនេះ ។ ក្នុងនោះ សម្ដេចតេជោ បានដាក់ទិសទប់ស្កាត់តាមបែបវិជ្ជាជីវៈនិងបែបវិទ្យាសាស្រ្ដពេទ្យ មានជាអាទិ៍៖ ទី១៖វិធានការណ៍ទប់ស្កាត់, ទី២៖វិធានការណ៍ព្យាបាល, ទី៣៖វិធានការណ៍ថែទំាសុខភាព, ទី៤៖វិធានការណ៍មិនឲ្យឆ្លង, ទី៥៖អប់រំប្រជាពលរដ្ឋទូទំាងប្រទេសឲ្យយល់អំពីមេរោគនិងការឆ្លង ជាពិសេសធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់រូប មន្រ្ដីរាជការ មន្រ្ដីសុខាភិបាលត្រូវយល់ពីភារកិច្ចរបស់ខ្លួន។
ស្ថិតក្នុងវិធានការណ៍ប្រឆំាងកូវីដ-១៩ នៅកម្ពុជា ដ៏មានប្រសិទ្ធិភាពមកនេះ មានមតិខ្លះបានលើកទ្បើងថា គេមិនអាចប្រៀបធៀបពីជោគជ័យរបស់កម្ពុជា ទៅនឹងប្រទេសមហាអំណាចលើពិភពលោកបានទេ?
ចំពោះមតិលើកទ្បើងនេះ លោក រត្ន័ សណ្ដាប់ ចង្អុលបង្ហាញថា ត្រង់នេះបើយើងពិនិត្យអំពីនានាប្រទេស មានដូចជា៖ បារំាង, អង់គ្លេស, អេស្ប៉ាញ, អ៉ីតាលី ពិសេសសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចទំាងសេដ្ឋកិច្ច ទំាងធនធានវេជ្ជសាស្រ្ដ នៅតែទប់ស្កាត់មិនបាន។ ក្នុងនោះសហរដ្ឋអាមេរិក មានអ្នកឆ្លងច្រើនជាង ២,៩៣៥,០៨៨នាក់ និងស្លាប់ជាង ១៣ម៉ឺននាក់ សេដ្ឋកិច្ចជួបប្រទះនឹងការលំបាក ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបប្រទះនឹងវិបត្ដិសេដ្ឋកិច្ចប្រចំាថ្ងៃ។ រីឯប្រទេសមួយចំនួនទៀត មានដូចជាប្រទេសប្រេស៉ីល អ្នកឆ្លងលោតដល់លំដាប់ទី២ គឺ១,៥៧៨,៣៧៦នាក់ និងស្លាប់ ៦៤,៣៦៥នាក់, រុស្ស៉ីកើនដល់ជាង៦៧ម៉ឺននាក់ និងស្លាប់ជាង ១ម៉ឺននាក់, ឥណ្ឌា អ្នកឆ្លងជាង ៦៧ម៉ឺននាក់ និងស្លាប់ជិត ២ម៉ឺននាក់។
ក្នុងករណីនេះ បើយើងពិនិត្យអំពីសាវតារនៃការផ្ទុះមេរោគនេះ នៅនានាប្រទេសនោះ គឺយើងឃើញថា៖ ទី១៖ ប្រទេសទំាងអស់ដែលបានរៀបរាប់ខាងលើ ឬប្រទេសផ្សេងៗទៀត គឺបានជួបប្រទះនូវការឆ្លងមេរោគឆ្លងនេះដំបូង ចាប់ផ្ដើមពីករណីទី១ នឹងបន្ដមកទៀតករណីទី២, ៣, ៤, ១០០... រហូតដល់ផ្ទុះរាប់សែនរាប់លាននាក់។ ក្នុងនោះបើទោះបី អង្គការសុខភាពពិភពលោក បានប្រកាសក្ដែងៗ សុំឲ្យនានាប្រទេសត្រូវមានវិធានការណ៍ទប់ទល់មហាមេរោគនេះ ព្រោះបានចាប់ផ្ដើមឆ្លងរាលដាលចេញពីប្រទេសចិន នាខែមីនា ឆ្នាំ២០២០! តែជាអកុសលប្រទេសខ្លះ ហាក់ធ្វេសប្រហែសបណ្ដោយឲ្យមេរោគនេះ ឆ្លងលឿនទើបនំាគ្នាភ័យស្លន់ស្លោរ ដែលបច្ចុប្បន្ននេះគឺស្ទើរតែហួសពេលទៅហើយ។
លោក រត្ន័ សណ្ដាប់ ចង្អុលបង្ហាញទៀតថា អ្វីជាការកត់សម្គាល់នោះប្រទេសមហាកំពូល អំណាចគឺសហរដ្ឋអាមេរិកដែលពេលនោះកូវីដ-១៩ បានរាតត្បាតក្រុងវ៉ូហាន ប្រទេសចិនផ្អើលពេញពិភពលោក ស្រាប់តែរដ្ឋាភិបាលអាមេរិក ក៏បានអនុញ្ញាតឲ្យមានជើងយន្ដហោះចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ចេញចូលមកសហរដ្ឋក្នុងក្រុងធំៗចំនួន១៨ ដែលសរុបជើងយន្ដហោះជាង១៣០០០!?! គឺជាជនជាតិអាមេរិក ឬជនជាតិចិនសញ្ជាតិអាមេរិកំាង ទៅលេងចូលឆ្នាំប្រមាណ ៣០ម៉ឺននាក់។
ត្រង់ចំណុចនេះយើងសួរថា៖
* ទី១៖ តើអាចមានអ្នកផ្ទុកមេរោគកូវីដ-១៩ចូលមកឬទេ?
* ទី២៖ ហេតុអ្វីក៏លោក ត្រំា ហាក់ធ្វើរំភើយបើទោះបីអង្គការសុខភាពពិភពលោក ប្រកាសពីភាពប្រុងប្រយ័ត្នទូទំាងពិភពលោក?
* ទី៣៖ ចាប់ពីខែឧសភា ឆ្នាំ២០២០ កម្រិតឆ្លងនឹងស្លាប់បានកើនទ្បើងគួរឲ្យភ័យខ្លាច តែបែរជាប្រជាជនអាមេរិកប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម កុប្បកម្មដុតផ្ទះសម្បែង ហាងទំនិញដោយមិនខ្លាចក្រែង ដោយសារតែកំហឹង?
អ្វីជាការកត់សម្គាល់ថែមទៀតនោះ គណបក្សធំម្ខាងទៀត ហាក់មិនឈឺក្បាលថែមទំាងរួមចំណែកជួយដុតទៅទៀត។ ស្ថិតក្នុងន័យនេះ ប្រធានាធិបតីរុស្ស៉ី លោក ពូទីន បាននិយាយចំអកថា «ឃើញទេបងប្អូនរុស្ស៉ី! ប្រទេសយើងចេះស្ដាប់រដ្ឋអំណាចក្នុងការទប់ស្កាត់នឹងកូវីដ-១៩ អីចឹងហើយបានប្រទេសយើង អាចទប់នឹងសភាពការណ៍បាន... មិនដូចសហរដ្ឋអាមេរិកទេ! គេមិនស្ដាប់អ្នកដឹកនំាគេនោះទេ!»។
ជាសរុប លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើដូចនេះចំពោះវិធានការណ៍ប្រឆំាងនឹងជំងឺរាតត្បាតនេះ គឺមិនសំដៅប្រទេសតូច ឬប្រទេសមហាអំណាច មានធនធានសម្បូរហូរហៀរនោះទេ តែវាឋិតទំាងស្រុងលើសិល្បៈ និងទស្សនវិស័យរបស់អ្នកដឹកនំា និងការចូលរួមប្រជាពលរដ្ឋខ្លួនឯង ដែលត្រូវចេះប្រុងប្រយ័ត្ន និងយល់នូវតម្លៃនៃជីវិតខ្លួនឯង!។ ពីព្រោះ «មេរោគនេះបានចាប់ផ្ដើមឆ្លងពីករណីទី១ដូចៗគ្នា ឬពីតិចទ្បើងទៅ» នេះឯង។
លោកសង្កត់ធ្ងន់ៗថា «បើដូច្នេះចំពោះវិធានការណ៍ប្រឆំាងមេរោគកូវីដ-១៩ នៅកម្ពុជាយើង អាចចាត់ទុកថាជាចំណាត់ការលំដាប់អន្ដរជាតិ គឺមិនខុសពីនានាប្រទេស ដែលបានទទួលជោគជ័យនោះទេ»៕