(ព្រះវិហារ)៖ ស្ពានស្ទឹងស្តៅ ដែលស្ថិតនៅក្នុងភូមិសុច ឆ្លងទៅភូមិត្រពាំងធ្លក ទៅតំបន់អភិរក្សព្រៃឈើ សត្វព្រៃតំបន់ភ្នំត្នោតភ្នំពក ក្នុងឃុំស្តៅ ស្រុកសង្កមថ្មី ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ។
ពិធីសម្ពោធនេះបានធ្វើឡើង ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី និងមន្ត្រីរាជការជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ស្ពានស្ទឹងស្តៅ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺកើតឡើងតាមការស្នើសុំរបស់បងប្រជាពលរដ្ឋក្នុងឃុំស្តៅ តាមរយៈអង្គវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ដោយសារស្ពាននេះមានសភាពចាស់ទ្រុឌទ្រោមមិនអាចឆ្លងកាត់បាន។ លោកបញ្ជាក់ថា ស្ពាននេះគឺរងការឆាបឆេះដោយសារភ្លើងព្រៃ មិនមានអ្នកណាលួចដុតដូចការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន និងបណ្តាញសង្គមនោះទេ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា បន្ទាប់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ រូបលោកបានពិភាក្សាជាមួយអជ្ញាធរខេត្តព្រះវិហារ ជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ពិនិត្យលទ្ធភាពដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ។ ផ្អែកតាមតម្រូវការចាំបាច់ ដោយមានការឯកភាពពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួយដែកស្ពានបេឡាចាស់ៗ និងលោករដ្ឋមន្ត្រី សាយ សំអាល់ ជួយឈើផងនោះ លោកបានឲ្យក្រុមការងារមន្ទីរសាធារណការខេត្ត ជាអ្នកទទួលការសាងសង់ ហើយការសាងសង់ស្ពាននេះ គឺមិនបានប្រើប្រាស់ថវិការបស់រដ្ឋ ឬក៏ជំនួយបរទេសនោះទេ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា ត្រឹមរយៈពេល៣ខែ ស្ពានស្ទឹងស្តៅនេះ បានសាងសង់រួចរាល់ជាស្ថាពរ ឲ្យបងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់ ដែលករណីនេះលោកបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាអជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និត ជួយឲ្យដំណើរការសាងសង់ស្ពានស្ទឹងស្តៅបានរួចរាល់មុនរដូវវស្សា។ លោកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែបានគិតគូរគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងជម្រាបជូនដំណឹងដ៏រីករាយដល់ប្រជាពលរដ្ឋស្រុកសង្គមថ្មីថា តាមការជូនដំណឹងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គម្រោងអភិវឌ្ឍន៍ផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវកៅស៊ូ២ជាន់ ចាប់ពីមុខសាលាស្រុកសង្គមថ្មីទៅដល់ទីប្រជុំជនភូមិតាសែងកណ្តាល មានប្រវែង ២៤គីឡូម៉ែត្រ គ្រោងសាងសង់នៅឆ្នាំ២០២១ និងផ្លូវក្រាលគ្រួសក្រហមប្រវែង ៣៨គីឡូម៉ែត្រ។ ចាប់ពីខាងលិចសាលាស្រុកគូលែន មកដល់ឃុំស្តៅ ស្រុកសង្គមថ្មី នឹងសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ នៅឆ្នាំ២០២១ និងគម្រោងសាងសង់ស្ថានីយ៍ទឹកស្អាត កំរិតសហគមន៍ ១កន្លែងទៀត ចំណុះ១ម៉ឺនលីត្រ នៅភូមិត្បែង ឃុំចម្រើន ដែលគម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ផងដែរ។
ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ស្ពានស្ទឹងស្តៅមានទទឹង ៤.២ម៉ែត្រ និងបណ្តោយប្រវែង ៤៨ម៉ែត្រ អនុវត្តសាងសង់ដោយមន្ទីរសាធារណការខេត្ត។ ស្ពាននេះសាងសង់ពីដែកបេឡេក្រាលឈើ ដែលមានការឧបត្ថម្ភដែកបេឡេពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឈើឧបត្ថម្ភដោយលោករដ្ឋមន្ត្រី សាយ សំអាល់ ចំណែកដែកសរសរស្ពានឧបត្ថម្ភដោយលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ក្នុងនោះដែរលោកទេសរដ្ឋមន្ត្រី មាស សុភា បានឧបត្ថម្ភថវិកា ៥០លានរៀលបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រៅពីការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានស្ទឹងស្តៅ លោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនឃុំរណសិរ្យ ដែលសាងសង់អស់ថវិកាជាង ១០០លានរៀល និងបានប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃ ៨វត្តនៅក្នុងវត្តបឹង ស្រុកសង្គមថ្មីផងដែរ៕