(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២០នេះ បានប្រគល់ក្របីចំនួន ៤ក្បាលឲ្យម្ចាស់របស់វាវិញ ក្រោយក្រុមចោរលួចក្របីដឹកតាមរថយន្ដ កន្លងមក។

កម្លាំងអាវុធហត្ថស្រុកចិត្របុរី បានធ្វើការបង្ក្រាបក្រុមចោរ កាលពីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ស្ថិតនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អ៉ឹម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ម្ចាស់ក្របីរួមមាន៖

១៖ ឈ្មោះ ហង្ស សុភាព ភេទស្រី អាយុ៤០ មុខរបស់កសិករ រស់នៅកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
២៖ ឈ្មោះ ឃីម ថាវី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេតស្ទឹងត្រែង។

បើតាមបញ្ជាក់ពីលោក អ៉ឹម ចត្រា នៅយប់ថ្ងៃទី៤ ខែកក្ដដា ក្រោយពីលោកទទួលដំណឹងថា ប្រជាពលរដ្ឋ នៅឃុំអូរគ្រៀង ស្រុកសំបូរ បានបាត់ក្របីចំនួន៧ក្បាល លោកបានចាត់កម្លាំងចាំឃ្លាំមើល។

លុះដល់វេលាទៀបភ្លឺ ក៏បានប្រទះឃើញរថយន្ដមួយគ្រឿងជិះគ្នាប្រហែល ៣នាក់ ដឹកក្របីចំនួន៤ក្បាល បើកបរយ៉ាងលឿង ហើយលោកបានបញ្ជាកម្លាំងប្រដេញ តាមរថយន្ដនោះពីចំណុចឃុំចង្រ្កង់ រហូតដល់ឃុំថ្មី ស្រុកចិត្របុរី ទើបក្រុមចោរឈប់ និងចាក់សាំងដុតឡានចោល ដើម្បីបំផ្លាញវត្តុតាង តែត្រូវកម្លាំងអាវុធហត្ថធ្វើការពន្លត់បានទាន់ពេល។ ទោះយ៉ាងណា ក្រុមចោរបានរត់ចូលព្រៃអស់បាត់ទៅហើយ៕