(កណ្ដាល)៖ លោក ង៉ោ សុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងសហការី ក្រុមការងារសង្កាត់ស្វាយរលំបាននាំយកទៀនព្រះវស្សាគ្រឿងឧបភោគគ្រឿង បរិភោគនិងថវិកាទៅប្រគេនដល់ព្រះសង្ឃនិង ជូនអាចារ្យ គណៈកម្មការវត្តពោធិព្រឹក្ស នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក ង៉ោ សុវណ្ណ បានថ្លែងថា ទន្ទឹមនឹងការរីកចម្រើនដូចសព្វថ្ងៃនេះ វិស័យពុទ្ធសាសនាក៏បានចូលរួមចំណែកសំខាន់ផងដែរ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត។
អ្នកតំណងរាស្ត្ររូបនេះ បានបន្ថែមថា «អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឱ្យមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ដែលកម្ពុជាពីបាតដៃទទេ រហូតមកដល់មានបានដូចសព្វថ្ងៃនេះ ជាការបូជាជីវិតរបស់ថ្នាក់ដឹកនាំប្រទេសខំតស៊ូខ្លាំងក្លាណាស់ ទើបប្រទេសជាតិយើង ប្រជារាស្ត្រយើង បានសុខដូចបច្ចុប្បន្ននេះ»។
ទន្ទឹមនឹងនេះផងដែរ លោក ង៉ោ សុវណ្ណ ក៏បានរំលឹកដល់ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋទាំងអស់ ឱ្យមានប្រុងប្រយ័ត្នខ្ពស់ចំពោះ COVID-19 ដ្បិតរាជរដ្ឋាភិបាលកម្ពុជា បានខិតខំខ្លាំងណាស់ ក្នុងការជួយទប់ស្កាត់ និងខំផ្សព្វផ្សាយពីវិធានការណ៍នានា ដូច្នេះសូមប្រជាពលរដ្ឋកុំមើលស្រាលជំងឺនេះ ហើយត្រូវខិតខំអនុវត្តន៍តាមវិធានការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលរបស់វា៕