(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់លោកយាយ លោកតា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន១១វត្ត នៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ។
សម្តេច ហេង សំរិន បានថ្លែងថា៖ «ការឆ្លងរីករាលដាលនៃជំងឺនេះនៅលើសកលលោក ពុំទាន់មានការធូស្រាលនៅឡើយទេ ហើយក៏ពុំទាន់មានថ្នាំព្យាបាល ឬថ្នាំបង្កាឡើយ ដូចច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺនេះដល់សហគមន៍យើង ដូចជាការរក្សាគម្លាតសង្គម ការពាក់ម៉ាស និងការលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវជាប្រចាំ»។
សូមជម្រាបថា ពិធីចូលព្រះវស្សា គឺជាទំនៀមទំលាប់ប្រពៃណីរបស់ព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ពុទ្ធបរិស័ទតែងតែនាំយកនូវទានព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សារយៈពេលបីខែ នៅតាមទីវត្តអារាមនានា។
ពិធីបុណ្យចូលព្រះវស្សា មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយសង្គមខ្មែរយូរលង់មកហើយ ហើយព្រះពុទ្ធសាសនាក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលផងដែរ ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ទន្ទឹមនឹងការរីកចម្រើនសង្គមជាតិ វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើកកម្ពស់ជាបន្តបន្ទាប់។ ជាក់ស្តែង ថ្ងៃនេះក៏ដូចជារៀងរាល់ឆ្នាំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារ តែងតែអញ្ជើញនាំយកនូវទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ និងទៀនព្រះវស្សា ដើម្បីប្រគេន និងផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះ សម្តេច និងក្រុមគ្រួសារ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន ដល់វត្តចំនួន១១ ដែលវត្តនីមួយៗទទួលបាន ទៀនព្រះវស្សា១គូ ទឹកក្រូច៤កេស ទឹកសុទ្ធ៤កេស មី៨កេស ទឹកដោះគោ១កេសធំ អង្ករ២បេ ស្កសរ២០គីឡូក្រាម រួមទាំងបច្ច័យចំនួន២លានរៀល។ ដោយឡែក វត្តសុវណ្ណារាម ហៅវត្តថ្កូវ ទទួលបាន បច្ច័យចំនួន៥លានរៀល។ សម្រាប់យាយជី តាជី ១០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់សរ១ដុំ ប្រេងកូឡា២ប្រអប់ និងថវិកាចំនួន១ម៉ឺនរៀលផងដែរ៕