(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ខែកក្កដា ឆ្នាំ២០២០ អញ្ជើញប្រគល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រប្រមាណ ២៩១គ្រួសារ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីប្រគល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអង្ករ និងសម្ភារប្រើប្រាស់មួយចំនួនជូនដល់ពួកគេផងដែរ។
ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកការផ្តាំសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ប្រជាពលរដ្ឋស្រុកអន្លង់វែង។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបប្រជាពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ក្នុងការដោះស្រាយផលលំបាករបស់ជាតិដែលបង្កឡើងដោយជំងឺកូវីដ១៩ ជាពិសេសការជួយឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាព។
លោកទេសរដ្ឋមន្ត្រី បានជម្រាបប្រជាពលរដ្ឋថា ទោះបីក្នុងពេលនេះកម្ពុជាសេដ្ឋកិច្ចកំពុងជួបការលំបាកយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចប់កញ្ចប់ថវិកាជាតិរហូតដល់ទៅ ២៥លានដុល្លារក្នុងមួយខែ ដើម្បីជួយដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រកម្រិត១ និងកម្រិត២ ព្រមទាំងអ្នកងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ ៥៦ម៉ឺនគ្រួសារ។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបប្រជាពលរដ្ឋផងដែរ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។ លោកបានប្រាប់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាល បានត្រៀមថវិការហូតដល់ទៅ ១២៥លានដុល្លារ សម្រាប់ជួយការលំបាករបស់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ។ ការឧបត្ថម្ភនឹងធ្វើជាដំណាក់កាល ហើយបើជំងឺកូវីដ១៩ មិនទាន់រលាយរលត់ទេ ការឧបត្ថម្ភនេះក៏មិនបញ្ចប់ដែរ។
លោក គន់ គីម បានលើកឡើងថា នេះគឺជាកាយវិការ និងសកម្មភាពមួយឆ្លុះបញ្ចាំងពីស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលតែងតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង។
លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «តាំងពីរាងមករាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងឈរខាងប្រជាជនជានិច្ច តែងនៅជាមួយប្រជាជនជានិច្ច ការលំបាករបស់ប្រជាជន គឺជាការលំបាករបស់សម្តេចតេជោ ហ៊ុន សែន ជាការលំបាករបស់រាជរដ្ឋាភិបាល និងជាការលំបាកគណបក្សប្រជាជនកម្ពុជាផងដែរ»។
«ច្បាស់ណាស់បងប្អូនឥទ្ធិលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា និងនៅលើពិភពលោកនាពេលបច្ចុប្បន្ន វាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់យើង។ តែទោះជាមានការលំបាកយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន លោកមិនទុកឱ្យបងប្អូនយើងស្លាប់ព្រោះតែការអត់ឃ្លាននោះឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យឱ្យបន្តចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបណ្តាលមកពីជំងឺកូវីដ១៩ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកពួកគេអនុវត្តឱ្យបានត្រឹមត្រូវ និងតម្លាភាពចំពោះការចុះកំណត់អត្តសញ្ញាណនេះ។ ជាពិសេសត្រូវរកឃើញអ្នកដែលក្រីក្រពិតប្រាកដ មិនត្រូវដាក់សាច់ញាតិ ឬបក្ខពួក ដើម្បីទទួលបានការឧបត្ថម្ភប្រាក់ពីរាជរដ្ឋាភិបាលនោះឡើយ។
លោកទេសរដ្ឋមន្ត្រី បានរំលឹកដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធថា ការធ្វើមិនត្រឹមត្រូវ នឹងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ជាធរមានពីរាជរដ្ឋាភិបាល ដោយគ្មានការលើកលែងឡើយ៕