(រតនគិរី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងរដ្ឋបាលខេត្តបាននាំយកនូវទេយ្យទានរួមមាន៖ ទៀនព្រះវស្សា អង្ករ បច្ច័យរួមទាំងសម្ភារផ្សេងៗទៀត ប្រគេនដល់ព្រះសង្ឃវត្តទាំង៣៦ នៅក្នុងខេត្ត សម្រាប់ផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ក្នុងរដូវចូលព្រះវស្សា ដែលនឹងឈានចូលមកដល់នាថ្ងៃទី៦ ខែកក្កដាស្អែកនេះ។
ពិធីនេះប្រព្រឹត្តទៅនៅវត្តអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ក្រោមអធិបតីភាពលោក ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងមានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាលខេត្ត ព្រមទាំងលោកអភិបាលក្រុង, ស្រុក, ប្រធានមន្ទីរ , អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនកុះករ។
ថ្លែងក្នុងពិធីខាងលើនេះដែរលោក ជៀង អំ បានលើកឡើង ដោយកោតសរសើររដ្ឋបាលបាលខេត្ត និងមន្ត្រីរាជការ, កម្លាំងប្រដាប់អាវុធទូទាំងខេត្ត ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងបច្ច័យសម្រាប់បុណ្យចូលព្រះវស្សានេះ។
បន្ថែមលើនេះលោក ជៀង អំ ក៏បានសម្តែងការគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលមានសម្តេចតេជោប្រមុខដឹកនាំឲ្យប្រទេសជាតិមានសន្តិភាព។
តាមការបញ្ជាក់ឲ្យដឹងពីលោកតាអាចារ្យ ឡាន់ ឆេងអ៊ាង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីឲ្យដឹងថា ទេយ្យទាននិងបច្ច័យដែលប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងរដ្ឋបាលខេត្តរតនគិរីប្រគេនជូនក្នុង១វត្ត ទទួលបានអង្ករ២បេ, ទឹកស៊ីអ៊ីវ៥យួរ, អំបិល២បេតូច, មីសៀម៤កេះតូច និងថវិកា៣០០,០០០ម៉ឺនរៀល។ ដោយឡែក លោកតា, លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្តត្រូវបានលោក ជៀង អំ ប្រគល់បច្ច័យមួយចំនួនផងដែរ៕