(ភ្នំពេញ)៖​ យ៉ាងហោចណាស់ផ្លែឈើមួយឡាន ត្រូវខូចស្ទើរទាំងស្រុង ខណៈដែលរថយន្តមួយគ្រឿង ក្រឡាប់ផ្ងារជើង ច្រងាងកណ្តាលថ្នល់ នៅពេលដែលអ្នកបើកបរងងុយដេក បើកទៅបុកទ្រូងផ្លូវ​ត្រង់មុខច្រកចូលផ្សារដើមគរ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅម៉ោង​១២៖៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០១៦។

បើតាមបុរសដែលជា អ្នកបើកបរបានប្រាប់ថា មូលហេតុដែលរូបគាត់បើករថយន្ត ទៅបុកទ្រូងផ្លូវបណ្តាលឲ្យបាក់ និងខូចខាតរថយន្តរួមជាមួយ ផ្លែឈើស្ទើរតែទាំងអស់នេះ គឺបណ្តាលមកពីងងុយដេក។​

បុរសរូបនោះបានបន្តទៀតថា​ នៅមុនកើតហេតុ រូបគាត់បានបើករថយន្តកូរ៉េ ចំណុះមួយតោនកន្លះ ដឹកផ្លែឈើដាក់ឲ្យម៉ូយ ដូចសព្វដងនៅម្តុំផ្សារនាគមាស​ តែដោយសារថ្ងៃនេះគាត់ងងុយដេក ទើបកើតរឿងដូច្នេះ។

ជាមួយគ្នានេះដែរ បុរសរងគ្រោះរូបនេះ បានសំណូមពរដល់ អ្នកដែលបើកបររថយន្តទាំងអស់ ពេលងងុយដេក សូមកុំបើកបរជៀសវៀងជួបគ្រោះថ្នាក់ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងខាតពេលវេលាដូចគាត់។ ដោយឡែករថយន្តវិញ ក្រោយពីខូចខាតហើយ ត្រូវបានខាងជំនាញ ចុះមកវាស់វែងនិងស្ទួចយកទៅក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយនៅពេលក្រោយ៕

 

Posted by Fresh News Photo on Wednesday, January 20, 2016