(ស្វាយរៀង)៖ ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សា ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាមេបញ្ជារការរង បញ្ជាការដ្ឋានអង្គរក្ស រួមទាំងសហការី បាននាំយកទៀនព្រះវស្សារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន រួមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ឆ័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តព្រៃរំដួល ស្ថិតនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ។
ថ្លែងសំណេះសំណាលក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ បាននាំនូវការផ្តាំផ្ញើសួរ សុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ដែលមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា។
លោកបានលើកឡើងដែរថា «ការដែលយើងមានឱកាសធ្វើបុណ្យទានរួមគ្នាបានដូចពេលនេះ ក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន»។
ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ បន្តថា បច្ចុប្បន្ន នៅចំពោះមុខមិនថាចាស់ ក្មេង ឬព្រះសង្ឃទេ ត្រូវតែបន្តយកចិត្តទុកដាក់ការពារខ្លួនឲ្យបានគ្រប់ពេលវេលា ដើម្បីការពារជំងឺកូវីដ១៩ ដូចអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការរក្សាអនាម័យ ការរក្សាគម្លាតពីគ្នា នឹងពាក់ម៉ាសជាដើម។
ព្រះចៅអធិកាវត្តព្រៃរំដួល ក្នុងនាមព្រះសង្ឃ គណៈកម្មាធិការវត្ត និងពុទ្ធិបរិស័ទ ចំនុះជើងវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្តមសេនីយ៍ឯក សុខ សុវណ្ណ រួមទាំងសហការី ដែលបាននាំយកអំណោយ មកផ្គត់ផ្គង់ដល់ព្រះសង្ឃនាពេលនេះ។ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ព្រះសង្ឃ សម្រាប់គង់ស្នាក់នៅ និងសិក្សារៀនសូត្រធម៌ក្នុងរដូវចូលព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមា តាមពុទ្ធានុញ្ញតិ្ត។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ រួមទាំងសហការី បានវេរប្រគេនទៀនវស្សារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១គូ, អង្ករចំនួន ៥០គីឡូក្រាម ត្រីខ១កេះធំ មី១កេសធំ ទឹកសុទ្ធ៥កេស និង៥០យួរ, ភេសជ្ជៈ៣កេស, អូវ៉ាន់ទីន១កេស, ទឹកដោះគោ១កេសធំ, គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ប្រេងម៉ាស៊ូត៣០លីត ជែលលាងដៃចំនួន២០ដប រួមនឹងបច្ឆ័យដល់វត្តព្រៃរំដួលចំនួន១លានរៀល, ប្រគេនព្រះសង្ឃ១០អង្គ ក្នុង១អង្គ បច្ច័យ២ម៉ឺនរៀល និងបានជូនសារុងដល់លោកយាយ និងជូនក្រមាដល់លោកតា រួមនឹងថវិកា២ម៉ឺនរៀលផងដែរ៕