(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត បានអះអាងថា រដ្ឋាភិបាលគូវ៉ែត នឹងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មឡើងវិញ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះតទៅ។ នេះបើតាម សេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ទន្ទឹមនេះដែរ រដ្ឋាភិបាលគូវ៉ែតក៏បានប្រកាសជូនដំណឹងដល់អ្នកដំណើរទាំងអស់ (ទាំងពលរដ្ឋ គូវ៉ែត និងបរទេស) ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងលក្ខខណ្ឌ មួយចំនួនសម្រាប់អ្នកដែលចង់ធ្វើដំណើរចូល និងចេញពីប្រទេសគូវ៉ែត ដូចខាងក្រោម៖
I- សម្រាប់អ្នកដំណើរចូលប្រទេសគូវ៉ែតតម្រូវឱ្យមាន៖
១៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលបញ្ជាក់ថាគ្មានមេរោគកូរ៉ូណា (កូវីដ-១៩)។
២៖ ត្រូវចុះហត្ថលេខាលើកិច្ចសន្យា ដោយគោរពឱ្យបានម៉ត់ចត់ និង អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដែលតម្រូវឱ្យនៅកន្លែងដែលបានរៀបចំទុក ឬនៅផ្ទះដាច់ ដោយឡែក។
៣៖ តម្រូវឱ្យមានការត្រួតពិនិត្យបញ្ជាក់សុខភាព ដោយមិនបានព្រាងទុក ១០ភាគរយ នៃចំនួនអ្នកដំណើរសរុបដែលមកដល់រដ្ឋគូវ៉ែត សម្រាប់ជើងហោះហើរនីមួយៗ។
៤៖ អ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់ ស្រោមដៃ និងវាស់កំដៅ មុនពេលឡើងយន្តហោះ និង ពេលមកដល់។
II- សម្រាប់អ្នកដំណើរចេញពីប្រទេសគូវ៉ែតតម្រូវឱ្យមាន៖
១៖ អ្នកដំណើរចេញពីរដ្ឋគូវ៉ែត គួរទទួលបានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានមេរោគកូវ ណា (កូវីដ-១៩) ដោយយោងតាមតម្រូវការរបស់ប្រទេសនីមួយៗដែលទទួលអ្នកដំណើរ។
២៖ ការផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពសម្រាប់អ្នកដំណើរ គឺជាការទទួលខុសត្រូវរបស់ ក្រុមហ៊ុនសេវាកម្ម នៅព្រលានយន្តហោះ។
៣៖ ត្រូវប្រកាន់ខ្ជាប់នូវតម្រូវការរក្សាសុខភាព ដោយត្រូវពាក់ម៉ាស់ ស្រោមដៃ និងរក្សាគម្លាតពី គ្នា។ * ចំពោះវិញ្ញាបនបត្របញ្ជាក់សុខភាព (PCR) គឺតម្រូវឱ្យបង់លុយ៕