(បន្ទាយមានជ័យ)៖ គ្រួសារទីទាល់ក្រ ចាស់ជរា ជនពិការ និងគ្រួសារងាយរងគ្រោះចំនួន៤០គ្រួសារ មកពីឃុំទាំង៧ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
ពិធីប្រចុះចែកអំណោយសប្បុរសធម៌នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានការអញ្ជើញចូលរួមជាកិត្តិយសលោកស្រី នួម សោភ័ណ្ឌ អនុប្រធានកត្តិយសគណៈកម្មាធិការសាខា អភិបាលស្រុក ក្រុមការងារបានចូលរួមនៅវិទ្យាល័យកូប ស្រុកអូរជ្រៅ។
ថ្លែងនាឱកាសនោះលោក អ៊ុ រាត្រី បានលើកឡើងថា គ្រប់ដំណាក់កាលគ្រប់កាលៈទេសៈណាក៏ដោយ ថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនឱ្យបងប្អូនរងទុក្ខវេទនា ដោយអត់អាហារនោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាប្រធានតែងតែចុះជួយបងប្អូនជានិច្ចនៅពេលបងប្អូនជួបការលំបាក និងតែងតែចាត់ឱ្យក្រុមការងារចុះតាមមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ហើយបើបងប្អូនជួបការលំបាកខ្វះខាតស្បៀង បងប្អូនអាចទាកទងទៅអាជ្ញាធរ ដើម្បីដោះស្រាយបានទាន់ពេលវេលា។
ទន្ទឹមនឹងនោះ លោកក៏បានបន្តណែនាំឱ្យប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យឱ្យបានល្អ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពីព្រោះជំងឺកូវីដ-១៩ មិនទាន់មានការធូស្រាល នៅឡើយ។ ក្នុងនោះលោក អ៊ុ រាត្រី ក៏បានលើកទឹកចិត្តឱ្យបងប្អូនចូលរួមដាំបន្លែបង្កា និងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃមួយវិញទៀតបងប្អូនអាចយកបន្លែ ត្រីសាច់ ដែលបានមកពីចិញ្ចឹមយកទៅលក់លើទីផ្សារ ដើម្បីបានកម្រៃខ្លះសម្រាប់គ្រួសារ។
ចំពោះអំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ១ការ៉ុង ២៥គីឡូ, ត្រីខ ១យួរ ១០កំប៉ុង, ទឹកត្រី ៣ដប, ខ្លាញ់ ១ដប, សាប៊ូ ១ថង់, អាវយឺត ២ និងថវិការ ១មុឺនរៀល៕