(ព្រៃវែង)៖ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម និងលោកស្រី ព្រមទាំងក្រុមការងារនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំទៀនវស្សា និងទេយ្យទានព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅពោធិ៍មង្គល ឃុំជីផុច និងវត្តកណ្តាលមានជ័យថ្មី ឃុំព្រៃរំដែង នៃស្រុកមេសាង ខេត្តព្រៃវែង។
លោក នុត សាអាន បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តព្រៃវែង។
ក្នុងនាមជាមន្ត្រីគណបក្សប្រជាជនកម្ពុជាផងនោះ លោក នុត សាអាន បន្តថា «ថ្នាក់ដឹកនាំប្រទេសរបស់យើងតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទីណាមានទុកលំបាកទីនោះ ពិតជាមានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយបានទាន់ពេលវេលា»។
លោកបានថ្លែងបន្តថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀង ធ្លាក់ជោកជាំ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង។
លោក នុត សាអាន បានរំលឹកថ្លែងប្រាប់ពលរដ្ឋថា ស្រុកមេសាងគឺជាស្រុកមួយដែលលោកបានចុះមកពង្រឹងការងារគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៩១មកម្លេះ កាលណោះផ្លូវគមនាគមន៍ មិនទាន់ល្អនៅឡើយទេ មានការលំបាកខ្លាំង ហើយការងារបក្សវិញនៅអាណត្តិដែលលោក និងក្រុមការងារមកពង្រឹង ក៏មានការគាំទ្រពីប្រជាពលរដ្ឋច្រើន បោះឆ្នោតគណបក្ស ប្រជាជនកម្ពុជាឈ្នះរហូតមិនដែលចាញ់នោះទេ ព្រមទាំងសមិទ្ធផលជាច្រើនដែលលោក និងក្រុមការងារបានកសាងទាំងពុទ្ធចក្រ និងអាណាចក្រផងដែរ។
លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់នៅស្រុកមេសាង ដែលតែងតែគោរពស្រលាញ់អាប់អានលោក ហើយតែងតែរួមសុខរួមទុកជាមួយគ្នា បោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិ ធ្វើឲ្យសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ច្រើនប្លូកទឹកប្លូកដីផងដែរ។
ទៀនវស្សានិងទេយ្យទានព្រមទាំងបច្ច័យ ដែលប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តចំនួន២នេះ មានទៀនវស្សា ទេយ្យទានជាគ្រឿងឧបភោគបរភោគ និងបច្ច័យក្នុងមួយវត្ត ១៥០០០០០រៀលផងដែរ៕