(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងសហការីទាំងអស់ បានអញ្ជើញប្រគេនទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាគង់វត្តចំនួន០៤ ក្នុងឃុំព្រែកអំបិល នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក កែវ រ៉េមី បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
សម្រាប់ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយ នៃការគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកទៅដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំវស្សា។
ជាពិសេស នេះជាទំនៀមមួយដែលបង្ហាញពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការហែទេយ្យទានទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿចាប់យកនូវមគ្គផលកុសលផលបុណ្យ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានរំលិចនូវការវិវត្តនៅឃុំមួយចំនួន ដែលជាខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានឃុំព្រែកអំបិល ជាពិសេសការសាងសង់ផ្លូវបេតុង មានប្រវែងជាង១០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ រហូតមកពេលសាងសង់បានជាង៩០ភាគរយ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
គួជម្រាបថា វត្តទាំង៤ ដែលទទួលបានទៀនវស្សា និងទេយ្យវត្ថុរួមមានទី១៖ វត្តព្រែកអំបិល, ទី២៖ វត្តពាមប្រជុំ, ទី៣៖ វត្តអន្លង់តាសេក និងទី៤៖ វត្តស្រីអ៊ុប្រសិទ្ធ ដែលក្នុងមួយវត្តៗ ទទួលបានរួមមាន ទៀន០១គូ, អង្ករ ១០០គីឡូក្រាម, សំពត់ប្រចាំព្រះវស្សាមួយ, ទឹកក្រូច ១កេះ, ទឹកសុទ្ធ១កេះ, មី១កេះ, ទឹកត្រី ១ យួរ, ត្រីខ ២យួរ, បច្ច័យក្នុង១វត្ត ៥០ម៉ឺនរៀល និងប្រាក់ដុល្លារ ១១០ដុល្លារ ព្រមទាំងឧបត្ថម្ភជូនកម្លាំងប៉ុស្តិ៍ និងប្រជាការពារ៣០ម៉ឺន ផងដែរ៕