Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ពានបេតុងថ្មីប្រវែង៩០ម៉ែត្រ នៅឃុំពាមកោះស្នា អាចស្ថាបនារួចក្នុងបំណាច់ឆ្នាំ២០២០ បើមិនមានទឹកជំនន់រំខាន

04-07-2020 13:20

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ពានបេតុងថ្មីព្រែកអាចារ្យសួស អាចនឹងសាងសង់រួចនៅចុងឆ្នាំ២០២០ ប្រសិនបើមិនមានទឹកជំនន់រំខានទេនោះ។

លោកអភិបាលខេត្ត បានឲ្យដឹងដូច្នេះនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ពេលដឹកនាំក្រុមការងារមន្ទីរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងថ្មី នៅព្រែកអាចារ្យសួស ស្ថិតក្នុងភូមិកោះរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ស្ពានបេតុង១កន្លែងនេះ មានទំហំ៩០x៨ម៉ែត្រ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រសួងអភិវឌ្ឍន៍ជនបទ ក្រុម១៨០។

គម្រោងនេះបានចាប់ផ្ដើមដំណើរការងារកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយបច្ចុប្បន្នក្រុមបច្ចេកទេសកំពុងឃួងគ្រឹះស្ថាបនាស្ពានបេតុងថ្មី ដើម្បីពន្លឿនការងារនៅខាងក្រោមដី ក៏ព្រោះតែទឹកជំនន់កំពុងហក់ឡើងបណ្ដើរៗមកហើយ។

លោកអភិបាលខេត្តបានបញ្ជាក់ដូច្នេះទៀតថា «បើគ្មានការរំខានដល់ការឃួងគ្រឹះដោយសារទឹកជំនន់នោះទេគម្រោងនេះ គឺអាចសាងសង់ក្នុងរយៈពេលតែ ៤ទៅ៥ខែ តែប៉ុណ្ណោះ គឺត្រូវរួចរាល់ជាស្ថាពរមិនខាន»