(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារមួយច្បាប់ជូនទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីអបអរសាទរថ្ងៃបុណ្យឯករាជ្យរបស់អាមេរិក។
ក្នុងព្រះរាជសារធ្វើឡើងកាលពីថ្ងៃទី០២ ខែកក្កដា ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលថា «នៅក្នុងឱកាសនៃការប្រារព្ធទិវាឯករាជ្យជាតិនៃសហរដ្ឋអាមេរិក ខ្ញុំសូមសំដែងនូវការអបអរសាទរ និងជូនពរដ៏ស្មោះស្ម័គ្រ ចំពោះប្រជាជននៅសហរដ្ឋអាមេរិក ឱ្យប្រកបទៅដោយសេចក្តីសុខ និងភាពរុងរឿង ក៏ដូចជាសុខុមាលភាពរបស់ឯកឧត្តមផ្ទាល់»។
ព្រះអង្គបានគូសបញ្ជាក់ថា ព្រះរាជសារអបអរសាទរនេះ គឺជាការបង្ហាញអំពីការពេញចិត្តទៅលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានបង្កើតឡើងប្រកបដោយភាពសុខដុមរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានរីកចម្រើនទៅមុខអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
សូមបញ្ជាក់ថា ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ ជាខួបលើកទី២៤៤ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមរបស់ចក្រភពអង់គ្លេស។ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ ជាថ្ងៃដែលក្រុមអ្នកតំណាងឱ្យតំបន់អាណានិគមអាមេរិកចំនួន១៣ បានជួបប្រជុំគ្នាប្រកាសប្រាប់ពិភពលោក ថាផ្តាច់ខ្លួនចេញពីចក្រភពអង់គ្លេស។
ហេតុការណ៍នោះបានជំរុញឱ្យអាមេរិកបានទទួលឯករាជ្យ និងក្លាយជាប្រទេសថ្មីមួយ។ ចាប់ពីពេលនោះមក ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៤ ខែកក្កដា ពិធីអបអរសាទរដែលភាគច្រើន តាមរយៈការបាញ់កាំជ្រួច ការដង្ហែរព្យុហយាត្រា ការអាំងសាច់ដើម្បីពិសាជួបជុំគ្នា និងការលែងកីឡា Baseball ជាដើម ត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់។
អ្នកខ្លះទៀតក៏បានអបអរទិវាដ៏វិសេសវិសាលនេះ តាមរយៈការបង្កើតព្រឹត្តិការណ៍បែបសាធារណៈ និងឯកជន ដែលសាទរចំពោះប្រវត្តិសាស្រ្ត រដ្ឋាភិបាល និងប្រពៃណីរបស់ជាតិសាសន៍អាមេរិកផងដែរ។
ទិវា ០៤ កក្កដា គឺជាបុណ្យឈប់សម្រាប់ជាតិនៅសហរដ្ឋអាមេរិក ដូច្នេះហើយប្រសិនបើទិវានេះត្រូវចំថ្ងៃសៅរ៍ ការអបអរនឹងចាប់ផ្តើមនៅថ្ងៃសុក្រ គឺថ្ងៃទី០៣ ខែកក្កដា ដែលអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកបានមួយថ្ងៃមុន។ ប៉ុន្តែបើចំថ្ងៃអាទិត្យ ប្រជាជនអាមេរិក នឹងប្រារព្ធព្រឹត្តិការណ៍អបអរសាទរនៅថ្ងៃចន្ទ ទី០៥ ជំនួសវិញ៕