(សៀមរាប)៖ ក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវក្នុងតំបន់អង្គរ ដែលបានធ្វើពង្រាង តាំងពីចុងឆ្នាំ២០១៥មក ឥឡូវនេះកំពុងស្ថិត នៅក្នុងកិច្ចពិភាក្សាខ្លឹមសារលម្អិត ពីបណ្តាអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ។
ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ អ្នកជំនាញទាំងអស់ដែលកំពុងធ្វើការស្រាវជ្រាវក្នុងតំបន់អង្គរ បានមកជួបជុំគ្នានៅស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោក សុខ សង្វារ អគ្គនាយករង និងជាតំណាង លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាលម្អិតលើក្រមប្រតិបត្តិនេះ។
មុននឹងឈានដល់ការពិភាក្សា លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ រំឭកថា ក្រមប្រតិបត្តិសម្រាប់ក្រុមអ្នកស្រាវជ្រាវនេះ មិនមែនជាអ្វីដែលថ្មីនោះទេ។ វាជាការអនុវត្តទៅតាមអនុសញ្ញាអន្តរជាតិ ស្តីពីកិច្ចការពារបេតិកភណ្ឌ និងកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃបេតិកភណ្ឌពិភពលោកអង្គរ។
ពង្រាងក្រមប្រតិបត្តិសម្រាប់ក្រុមអ្នកស្រាវជ្រាវនេះ ចែកចេញ៤ជំពូក គឺ ជំពូកទី១និយាយអំពីការទទួលខុសត្រូវរបស់អ្នកស្រាវជ្រាវចំពោះសហគមន៍ ជំពូកទី២និយាយពីការទទួលខុសត្រូវរបស់អ្នកស្រាវជ្រាវលើអាជីពរបស់ខ្លួន ជំពូកទី៣និយាយអំពីការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរាចំពោះអ្នកស្រាវជ្រាវ និងជំពូកទី៤ និយាយអំពីដំណើរការប្រតិបត្តិជាក់ស្តែងនៅពេលស្រាវជ្រាវ។
មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរដែលទទួលបន្ទុករៀបចំពង្រាងនេះ ធ្លាប់អះអាងថា ការរៀបចំក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវនេះ គឺធ្វើឡើងដោយផ្អែកទៅលើច្បាប់និងបទដ្ឋានគតិយុត្តនានារបស់ប្រទេសកម្ពុជា ដូចជា ច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រះរាជក្រឹត្យលេខ០១/នស ដែលស្តីពីការរៀបចំ និងចាត់តំបន់សៀមរាបអង្គរជាដើម។ អនុសញ្ញានានារបស់អង្គការយូណេស្កូ និងកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗ ក៏ត្រូវលើកមកជាគោលសម្រាប់រៀបចំក្រមប្រតិបត្តិនេះផងដែរ៕