(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានថ្លែងថា៖ «មានសុខសន្តិភាពទើបមានការអភិវឌ្ឍន៍ទាំងផ្នែកអណាចក្រនិងផ្នែកពុទ្ធចក្រ។ហើយការអភិវឌ្ឍន៍មិនមែនមានតែនៅទីនេះទេ គឺមាននៅទូទាំងប្រទេសកម្ពុជារបស់យើង»។
ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោករួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាននិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលរៀបចំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកគូលែន និងក្រុមការងារ ប្រគេនព្រះសង្ឃ២០វត្ត នៅក្នុងបរិវេណមជ្ឈមណ្ឌុលវិប្បសនាធុរៈភូមិភាគឦសាន ហៅវត្តពោធិ៍៥០០០ដើម ស្ថិតនៅចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២០នេះ។
លោក ប្រាក់ សុវណ្ណ ក៍បានថ្លែងដោយធ្វើការរំលឹកឡើងវិញនូវរបបអាវខ្មៅដ៏សែនឃោរឃៅ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលដឹកនាំដោយរបប ប៉ុល ពត ក្រៅពីបានសម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់អស់ជាង៣លាននាក់ របបនេះបានលុបបំបាត់ចោលអស់នូវប្រពៃណីទំនៀមទំលាប់ មិនអោយមានការជួបជុំធ្វើបុណ្យទៀន ឫពិធីផ្សេងៗទេ ពិសេសគឺលុបបំបាត់សាសនាចោល មិនអោយមានព្រះសង្ឃ មានវត្តអារ៉ាម។
ក្រោយថ្ងៃរំដៅ៧មករា ឆ្នាំ១៩៧៩ ដែលរបបប៉ុលពតបានរលំរលាយទៅ អ្វីៗបានរស់រានមានជីវិតឡើងវិញ ធ្វើអោយប្រជាពលរដ្ឋខ្មែរយើងមិនអាចបំភ្លេចថ្ងៃកំណើតទី២នេះបានទេ។ បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព សេរីភាពពេញលេញធ្វើអោយប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នាធ្វើពិធីផ្សេងៗដោយក្តីសប្បាយរីករាយ ពិសេសគឺមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ដែលករណីនេះលោកអភិបាលខេត្តបានអំពាវនាវអោយប្រជាពលរដ្ឋយើង រួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្សយូរអង្វែង ដើម្បីអោយប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជាងនេះតទៅទៀត។
សូមបញ្ជាក់ថាទៀនព្រះវស្សានិងទេយ្យវត្ថុ ដែលត្រូវប្រគេនព្រះសង្ឃចំនួន២០វត្តក្នុងពេលនេះ គឺមានការចូលរួមពីអជ្ញាធរខេត្ត ក្រុមការងារខេត្តចុះជួយស្រុកគូលែន និងពុទ្ធបរិសទ័ជិតឆ្ងាយ ដោយក្នុងមួយវត្តទទួលបានទៀនមួយគូរ ប្រេងម៉ាស៊ូត១កាន អង្ករ៧៥គីឡូក្រាម មី៣កេស ទឹកសុទ្ធ២កេស ទឹកត្រី ទឹកសុីអុីវ ត្រីខ និងបច្ចយ័៣៥មុឺនរៀល៕