(ភ្នំពេញ)៖ ការហ្វឹកហាត់ពីប្រតិបត្តិការសង្គ្រោះរបស់ក្រុមអ្នកជួយសង្គ្រោះប្រមាណជា ១០០នាក់ មកពី៦អង្គភាពចំណុះឱ្យកងយោធពលខេមរភូមិន្ទ បានបិទបញ្ចប់ហើយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីបានសិក្សារៀនសូត្រទាំងទ្រឹស្តី និងអនុវត្តន៍ជាក់ស្តែងរយៈពេល៥ថ្ងៃ នៅទីបញ្ជាការដ្ឋានទីបញ្ជាការដ្ឋានកងពលតូចទ័ពឆ័ត្រយោងពិសេសលេខ៩១១។
ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលស្តីពីប្រព័ន្ធបញ្ជាឧប្បត្តិហេតុដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការដ្ឋាន នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងលោក ហង្ស សាមឿន អនុប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងបណ្តាមេបញ្ជាការកងពល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាច្រើនរូបផ្សេងទៀតផងដែរ។
ក្រុមអ្នកសង្គ្រោះជាគ្រូបង្គោលដែលទទួលវគ្គបណ្តុះបណ្តាលមកពីអង្គភាពចំនួន៦រួមមាន៖ កងពលតូចលេខ៧០, កងពលតូចឆ័ត្រយោងពិសេស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងវិស្វកម្មអគ្គបញ្ជាការ, កងពលតូចលេខ១ និងបញ្ជាការដ្ឋានកងទ័ពជើងទឹកផងដែរ។
រយៈពេល៥ថ្ងៃនេះ ការបណ្តុះបណ្តាល បានផ្តោតសំខាន់ទៅលើមូលដ្ឋានគ្រឹះស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ, យន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងតួនាទី និងការទទួលខុសត្រូវ, ជំនាញក្នុងការសម្របសម្រួលឆ្លើយតបគ្រោះមហន្តរាយ, មូលដ្ឋានគ្រឹះនៃប្រព័ន្ធបញ្ជាឧប្បត្តិហេតុ, ការប៉ាន់ប្រមាណឧប្បត្តិហេតុ, ប្រព័ន្ធបញ្ជាឧប្បត្តិហេតុ និងធនធានសម្ភារៈ នៅក្នុងប្រព័ន្ធបញ្ជាប្រតិបត្តិការ និងការគ្រប់គ្រងធនធានក្នុងឧប្បត្តិហេតុ។
លោក ផៃ សុខកុមារ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាគ្រូបង្គោលមួយរូប បានថ្លែងនៅក្នុងពិធីបិទវគ្គនៅថ្ងៃនេះថា ការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃកន្លងមកនេះ ក្រៅពីការសិក្សាទ្រឹស្តីហើយនោះ ក៏មានការអនុវត្តន៍ជាក់ស្តែងនៅលើទីវាលផងដែរ។
លោក ផៃ សុខកុមារ បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រនេះរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ លោកបានអះអាងថា សិក្ខាកាមប្រមាណ៩៥ភាគរយទទួលបាននិទ្ទេសល្អប្រសើរ និង ៥ភាគរយទទួលបាននិទ្ទេសល្អបង្គួរ។
ក្នុងពិធីបញ្ចប់វគ្គសិក្សានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តល់មតិណែនាំ និងអនុសាសន៍ជាច្រើន ដល់សិក្ខាកាមដែលបញ្ចប់ការសិក្សា ដើម្បីពង្រឹងស្មារតីប្រតិបត្តិការងាររបស់ពួកគេឱ្យបានកាន់តែល្អប្រសើរថែមទៀត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនេះ។ លោកបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះដ្បិតថាមានរយៈពេលខ្លីក៏ពិតមែន តែវាចលនករដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពរបស់ក្រុមអ្នកសង្គ្រោះទាំងនេះ។
លោក បានថ្លែងបញ្ជាក់ដូច្នេះ «ប្អូនៗទាំងអស់ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលវាមានរយៈពេល៥ថ្ងៃក៏ពិតមែន ហើយខ្លីក៏ពិតមែន ប៉ុន្តែខ្ញុំជឿជាក់ថា តាមរបាយការណ៍ដែលបានរាយការណ៍អំបិញមិញ តាមសកម្មភាពដែលបានអនុវត្តន៍ជាក់ស្តែងប្អូនៗពេលចប់អាចមានសមត្ថភាពក្នុងការវិលត្រឡប់ទៅធ្វើការបណ្តុះបណ្តាល ហ្វឹកហាត់កងឯកភាពរបស់ខ្លួនឱ្យចេះស្ទាត់ ឱ្យបានស្វែងយល់អំពីសកម្មភាពក្នុងការរុករកក្នុងប្រតិបត្តិការសង្គ្រោះ ដែលអាចកើតមានឡើងក្នុងពេលណាមួយនោះ»។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹកទៅដល់សិក្ខាកាមជាក្រុមអ្នកជួយសង្គ្រោះទាំងអស់ ឱ្យប្រកាន់នូវស្មារតីកាតព្វកិច្ច និងភារកិច្ចរបស់ខ្លួនជាអ្នកសង្គ្រោះ។ ជាពិសេសពេលមានប្រតិបត្តិការសង្គ្រោះត្រូវតម្កល់ការជួយសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះជាចម្បង ហើយប្រតិបត្តិការឱ្យបានរហ័សរហួនជាមួយស្មារតីអត់ធ្មត់ និងម៉ឺងម៉ាត់ជាទីបំផុត។
អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទរូបនេះ បានថ្លែងបញ្ជាក់ដូច្នេះ «បេះដូងជាអ្នកសង្គ្រោះយើងត្រូវតម្កល់អាយុជីវិតរបស់ជនរងគ្រោះជាចម្បង។ ដើម្បីទទួលបានជោគជ័យក្នុងប្រតិបត្តិការយើងត្រូវតែមានចិត្តអត់ធ្មត់ និងមានស្មារតីម៉ឺងម៉ាត់ មួយវិញទៀតត្រូវប្រតិបត្តិការឱ្យរហ័សទើបជួយជនរងគ្រោះបានទាន់ពេលវេលា។ បើយើងមានជំនាញ មានឧបករណ៍ហើយតែយើងធ្វើប្រតិបត្តិការមិនរហ័សមិនអាចជួយជនរងគ្រោះបានទាន់ពេលវេលានោះឡើយ»។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឆ្លៀតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានឧបត្ថម្ភឧបករណ៍ និងសម្ភារគាំទ្រដល់ប្រតិបត្តិការសង្គ្រោះមានតម្លៃសរុបរហូតប្រមាណ ៧០ម៉ឺនដុល្លារអាមេរិក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអរគុណលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានខិតខំខ្នះខ្នែងរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលក្រុមអ្នកសង្គ្រោះនេះឡើយ។ លោក ឥត សារ៉ាត់ បានស្នើឱ្យរៀបចំវគ្គបណ្តុះបណ្តាលបែបនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្រុមអ្នកសង្គ្រោះឆ្លើយតបទៅគ្រោះមហន្តរាយទាំងគ្រោះធម្មជាតិ និងបណ្តាលមកពីកត្តាមនុស្សនោះ។
លោក ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមឱ្យយកចំណេះជំនាញដែលបានសិក្សារៀនសូត្រនេះទៅបណ្តុះបណ្តាលដល់ក្រុមការងារនៅក្នុងអង្គភាពរបស់ខ្លួន ហើយត្រូវថែទាំឧបករណ៍ និងសម្ភារទើបបំពាក់ជូនឱ្យបានល្អនៅពេលមានហេតុការណ៍អ្វីកើតអាចយកទៅប្រើប្រាស់បានទាន់ពេលវេលា។
ការសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះចេញពីឧប្បត្តិហេតុផ្សេងជារឿងចាំបាច់ និងចម្បងបំផុតសម្រាប់បេះដូងរបស់អ្នកសង្គ្រោះ។ ពួកគេមិនខ្វល់ថាប្រតិបត្តិការសង្គ្រោះមានឧបសគ្គ មានការលំបាកប៉ុណ្ណានោះទេ គោលដៅរបស់ពួកគេ គឺជួយដណ្តើមយកជីវិតរបស់ជនរងគ្រោះពីមច្ចុរាជឱ្យបាន។ ដូច្នេះសម្រាប់វគ្គបណ្តុះបណ្តាលក្នុងការសង្គ្រោះដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជានេះ គឺមានតម្លៃខ្លាំងណាស់សម្រាប់ពួកគេ។
ក្រុមសិក្ខាកាមបានអះអាងថា វគ្គបណ្តុះបណ្តាលនេះជួយធ្វើឱ្យពួកគេមានសមត្ថភាពកាន់តែប្រសើរ និងធ្វើឱ្យប្រតិបត្តិការសង្គ្រោះរបស់ពួកគេកាន់តែមានប្រសិទ្ធភាពជាងមុនផងដែរ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់បានធ្វើពិធីសច្ចាប្រណិធានផងដែរ។ ពួកគេបានសច្ចាស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងប្រជាជន ហ៊ានធ្វើពលិកម្ម គ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ គាំទ្រ និងការពារ ឱ្យបានដាច់ខាត រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងជារៀងរហូត។
ពួកគេបានសច្ចាប្តេជ្ញាយកអស់កម្លាំងកាយចិត្ត គំនិតប្រាជ្ញាស្មារតី និងលះបង់គ្រប់បែបយ៉ាង ត្រៀមខ្លួនជានិច្ច គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់បទបញ្ជា ក្នុងការរុករក ជួយសង្គ្រោះប្រជាជន នៅពេលមាន ហានិភ័យកើតឡើង។
ពួកគេបានសច្ចាទៀតថា បើពួកគេមានចិត្តវៀចវេក្បត់ សូមវត្ថុសក្តិសិទ្ធិ និងទស្សបារមីថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមផ្តន្ទាទោស ប្រហារជីវិតយើងខ្ញុំ កុំឱ្យរួចផុតឡើយ។ តែបើពួកគេមានចិត្តស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន សូមពួកទេព្ដា ទស្សបារមី វត្ថុសក្តិសិទ្ធិក្នុងលោក ជួយបីបាច់រក្សា ការពារយើងខ្ញុំ ឱ្យមានជ័យជម្នះ ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងគ្រប់ពេលវេលា កុំបីអាក់ខានឡើយ។
សូមបញ្ជាក់ថា នៅក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលលើប្រតិបត្តិការសង្គ្រោះនៅរសៀលថ្ងៃនេះ ក៏មានការបង្ហាញនូវសមយុទ្ធសង្គ្រោះជូនដល់គណៈអធិបតីផងដែរ។ សមយុទ្ធនេះ គឺបង្ហាញពីប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍បាក់រលំអគារ។
ក្នុងសមយុទ្ធនេះ បានបង្ហាញពីការចេញប្រតិបត្តិការព្រមៗគ្នារបស់ក្រុមអ្នកសង្គ្រោះអមដោយរថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ និងគ្រឿងចក្រផ្សេងៗ។ មកដល់កន្លែងកើតហេតុក្រុមអ្នកសង្គ្រោះបានបើកទីបញ្ជាការដ្ឋាន បង្ហាញសមាសភាពអ្នកចូលរួម។ បន្ទាប់មកក្រុមអ្នកសង្គ្រោះបានចាប់ផ្តើមរុករកជនរងគ្រោះតាមរយៈការប្រើម៉ាស៊ីនចាប់ចង្វាក់បេះដូង និងស្តាប់សំឡេង។
ក្រោយពេលក្រុមអ្នកឯកទេសរកឃើញថា មានជនរងគ្រោះនៅមានជីវិត ក្រុមអ្នកសង្គ្រោះខាងកាត់ដែក កាយគំនរអគារបាក់បែក ក៏បានចាប់ផ្តើមធ្វើប្រតិបត្តិការព្រមគ្នារហូតដល់ជួយជនរងគ្រោះចេញពីគំនរអគារបានជោគជ័យ៕