(បន្ទាយមានជ័យ)៖ នៅក្នុងកំឡុងពេលជិតចូលវស្សា ថ្នាក់ដឹកនាំមន្ត្រីរាជការពុទ្ធបរិស័ទតែងនាំទៀនចំណាំព្រះវស្សា សំពត់សាដក ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនជូនព្រះសង្ឃ ដែលគង់ក្នុងវត្តនីមួយៗ សម្រាប់ចាត់ចែងតាមការគួរ ក្នុងពេលគង់ចាំព្រះវស្សារយៈពេល ៣ខែ។
ក្នុងនោះនៅរសៀលថ្ងៃសុក្រ ១៣កេីត ខែអាសាឍឆ្នាំ ជូតទោស័កពស ២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ថ្នាក់ដឹកនាំមន្ត្រីរាជការ ទូទាំងខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងក្រុងសិរីសោភ័ណ ប្រធានក្រុមប្រឹក្សាក្រុង បណ្តាមន្ទីអង្គភាពស្ថាប័នពាក់ព័ន្ធ បានអញ្ជេីញនាំយកទៀនចំណាំព្រះវស្សាសំពត់សាដក ទេយ្យទាន និងគ្រឿងឧបភោគបរិភោគប្រគេនជូនវត្តចំនួន២១វត្ត ទូទាំងក្រុង សិរីសោភ័ណ ដែលធ្វេីឡេីងនៅវត្តធម្មសាមគ្គីពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពងស្វាយ។
ក្នុងឱកាសនោះ ក្រុមការងារបានស្តាប់នូវព្រះសង្ឃសូត្រមន្តបង្សុកូល ឧទ្ទិស កុសលផលបុណ្យ ជូនបុព្វការីជន ញាតិមិត្តបងប្អូន ដែលបានចែកឋានទៅលោកខាងមុខ ក្នុងការទទួលយកនូវគ្រឿងបរិក្ខា ដែលបានឧទ្ទិសជូន។ លោកបានវេរប្រគេនទៀនចំណាំ ព្រះវស្សា សំពត់សាដក និងគ្រឿងឧបភោគបរិភោគ ជូនដល់បណ្តាវត្តទាំង២១ទូទាំងក្រុងសិរីសោភ័ណ ដេីម្បីចាត់ចែងតាមតម្រូវការនៅក្នុងវត្ត ក្នុងពេលដែងព្រះសង្ឃគង់ចាំព្រះវស្សារយៈពេល ៣ខែ។
ចំពោះវត្តទាំង២១ទូទាំងក្រុង ក្នុងមួយវត្តទទួលបាមទៀនចំណាំ១គូ និងសំពត់សាដក់១អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ៥កេស មី៥កេស គ្រឿងឧបភោគបរិភោគ រួមនឹងបច្ច័យមួយចំនួនទៀត។ នានាឱកាសនោះ លោកក៏បានអញ្ជេីញចែកជូនសារ៉ុងម្នាក់១ និងថវិកាមួយចំនួនជូនដល់តាជីយាយ និងបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួមនាឱកាសនោះផងដែរ។
គួរំលឹកដែរថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រីមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សំរាប់ងូត ទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព។
ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោចខែអាសាឍដល់ថ្ងៃ១៥ កើត ខែអស្សុជ៕