(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ បានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ជំនួបនេះធ្វើឡើងក្នុងឱកាសដែលប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោក អេមហ្វី ឃីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព
នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំប្រទេសកម្ពុជា និងលោក ខុម សូនី ខុនប៉ាស៊ូត អគ្គកុងស៊ុលឡាវប្រចាំកម្ពុជា ព្រមទាំងប្រតិភូអមដំណើរ អញ្ជើញចុះបំពេញបេសកកម្មការងារ នៅទឹកដីខេត្តមណ្ឌលគិរី។
លោក ស្វាយ សំអ៊ាង បានជម្រាបជូនគណប្រតិភូជាន់ខ្ពស់ឡាវអំពី ស្ថានភាពទូទៅ សក្តានុពលនិងវិស័យនានានៅក្នុងខេត្តមណ្ឌលគិរី ដូចជាវិស័យកសកម្ម កសិ.ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ និងរ៉ែជាដើម ដែលត្រូវបាននិងកំពុងមានការអភវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស។
ក្នុងការជួបសំណេះសំណាលគ្នានាពេលនេះ លោក អេមហ្វី ឃីនដាវង់ ព្រមទាំងសហការី បានធ្វើការសម្តែងនូវការពេញចិត្តយ៉ាងក្រៃលែងចំពោះភាគីកម្ពុជា ក្នុងខេត្តមណ្ឌគិរី ដែលបានស្វាគមន៍យ៉ាងរីករាយដល់ភាគីប្រតិភូរបស់លោក។
ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូតឡាវ បានធ្វើការកោតសរសើរដល់ទេសភាពដ៏ស្អាត នៅខេត្តមណ្ឌលគិរីរបស់កម្ពុជា ដែលមានធនធានធម្មជាតិយ៉ាងស្អាត គួរឲ្យចង់គយគន់ជាអនេក ក៏ដូចជាវិស័យនានានៅទីនេះត្រូវបាន និងកំពុងអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង។
នាពេលបញ្ចប់កម្មវិធី ភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក ប្រកបដោយទឹកចិត្តរីករាយក្នុងនាមជាបងប្អូន និងជាមិត្តភាពយូរអង្វែង៕