(រតនគិរី)៖ ខេត្តភូមិភាគឦសាន ទើបទទួលបានសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ថ្មីស្រឡាងមួយបន្ថែមទៀត គឺខ្សែបញ្ជូន២៣០គីឡូវ៉ុល ភ្ជាប់ពីវារីអគ្គីសនីសេសានទៅខេត្តរតនគិរី ចម្ងាយ១០២គីឡូម៉ែត្រ ព្រមទាំងអនុស្ថានីយ២៣០/២២គីឡូវ៉ុល កម្លាំង៥០មេហ្កាវ៉ាត់។

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ថ្មីស្រឡាងនេះ គឺជាប្រភពផ្គត់ផ្គង់ថ្មី ដល់ខេត្តរតនគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តមណ្ឌលគិរី ដែលកន្លងមកពឹងផ្អែកស្ទើរតែទាំងស្រុងការនាំចូលអគ្គិសនីពីប្រទេសវៀតណាម តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម៣៥គីឡូវ៉ុល ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រដែលបង្កឲ្យមានការរអាក់រអួលជារឿយៗ។

ចាប់ពីពេលនេះតទៅ ខេត្តរតនគិរី នឹងទទួលបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ល្អប្រសើរជាងមុនមួយកម្រិតថែមទៀត ដែលនឹងទាក់ទាញអ្នកវិនិយោគទាំងផ្នែកកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលជាខេត្តមានសក្តានុពលធនធានធម្មជាតិ ដ៏ច្រើនសម្បូរបែប។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៣ ខែកក្កដានេះថា «ការខ្សែបញ្ជូន និងអនុស្ថានីយ២៣០គីឡូវ៉ុល នៅខេត្តរតនគិរី នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលធ្វើឲ្យខេត្តរតនគិរី បានភ្ជាប់ជាមួយបណ្តាញអគ្គិសនីជាតិ ដែលមិនធ្លាប់មានពីមុនមកនោះទេ ហើយសមិទ្ធផលថ្មីនេះ នឹងជួយចូលរួមចំណែកក្នុងការកែប្រែនូវមុខមាត់ខេត្ត ឲ្យកាន់តែរីកចម្រើនថែមទៀត»

ជាមួយគ្នានេះដែរ អគ្គិសនីកម្ពុជា ក៏បានកំពុងសាងសង់ខ្សែបញ្ជូន និងអនុស្ថានីយ២៣០គីឡូវ៉ុល ភ្ជាប់ពីខេត្តក្រចេះទៅខេត្តមណ្ឌលគិរី ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២០នេះផងដែរ៕