(ភ្នំពេញ)៖ ក្រោយមានប្រជាពលរដ្ឋម្នាក់ បានផ្ញើសារប្តឹងទៅកាន់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook ករណីនាយរងប៉ុស្តិ៍សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ សង់ផ្ទះល្វែងរបស់ខ្លួន រំលោភលើចិញ្ចើមផ្លូវនោះ ស្រាប់តែនៅរសៀលថ្ងទី២០ ខែមករា ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក កែវ សុភា អភិបាលរងខណ្ឌ និងមន្រ្តីជំនាញខាងភូមិបាល ព្រមទាំងមន្រ្តីមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើការវាស់វែងនៅទីតាំងនោះ ស្ថិតនៅភូមិសំបកឪឡឹក សង្កាត់កាកាប។ ជាលទ្ធផលក្រោយការវាស់វែងត្រូវបានមន្រ្តីអះអាង លោក ភា ប្រុស នាយរងប៉ុស្តិ៍សង្កាត់កាកាប មិនបានសង់រំលោភលើចិញ្ចើមផ្លូវនោះឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋម្នាក់ទំនងរស់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានផ្តល់ព័ត៌មានអំពីករណីដែលនាយរង ប៉ុស្តិ៍នគរបាលសង្កាត់កាកាប បានសង់ផ្ទះរំលោភផ្លូវសាធារណៈទៅកាន់ នាយករដ្ឋមន្រ្តី តាមរយៈ Facebook។
ប្រជាពលរដ្ឋ បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «មានករណីរំលោភលួចផ្លូវសារធារណៈ យកមកធ្វើផ្ទះ១ល្វែងបន្ថែមទៀត របស់លោកអនុសេនីយ៍ទោ ភា ប្រុស អនុប្រធានប៉ុស្តិ៍រដ្ឋបាល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្វើឲ្យប្រជាជនអស់ជំនឿ និងការដោះស្រាយរបស់សមត្ថកិច្ច! សូមសម្តេចជួយផ្លូវសាធារណៈមួយនេះ ដូចដើមវិញផង សូមជូនពរសម្តេច ឆាប់ជាសះស្បើយ វិលមកជាម្លប់របស់កូនចៅ និងប្រជាជនកម្ពុជា»។
លោក កែវ សុភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះថា «ក្រោយការវាងវែងចប់នៅថ្ងៃមិញយើងឃើញថា ម្ចាស់ផ្ទះមិនបានសង់ រំលោភលើចិញ្ចើម ផ្លូវនោះឡើយ គ្រាន់តែម្ចាស់ផ្ទះសង់មានគន្លាត ជិតបន្តិច ពីចិញ្ចើមផ្លូវ»។
យោងតាមឯកសាររបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា នាយរងនគរបាលប៉ុស្តិ៍រូបនេះ បានសុំការអនុញ្ញាតនៃការសង់ផ្ទះ រហូតដល់អាជ្ញាធរ សាលារាជធានីភ្នំពេញយ៉ាងត្រឹមត្រូវ តាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៥មកម្ល៉េះ កាលលោក កែប ជុតិមា នៅជាអភិបាលក្រុង ។ ការប្តឹងទៅកាន់នាយករដ្ឋមន្រ្តី ចំពោះករណីនេះក៏បានកើតមានឡើង ដូចគ្នានឹងមានស្រ្តីម្នាក់ ឈ្មោះ ឆាយ ម៉ិច បានប្តឹងទៅ អភិបាលខណ្ឌពោធិ៍សែនជ័យ អំពីករណីនេះផងដែរ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែគេមិនដឹងថា តើអ្នកដែលប្តឹងទៅនាយករដ្ឋមន្រ្តី និងអ្នកដែលប្តឹងទៅអភិបាលខណ្ឌ ជាមនុស្សតែមួយ ឬមួយយ៉ាងណានោះទេ។
យោងតាមពាក្យបណ្តឹង របស់ស្រ្តីឈ្មោះ ឆាយ ម៉ិច រស់នៅផ្ទះលេខ១៩៣បេ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានចោទប្រកាន់នាយរងប៉ុស្តិ៍ លោក ភា ប្រុស ថាសាងសង់ផ្ទះរំលោភលើ ផ្លូវសាធារណៈលេខ១០៥K ប្រហែលប្រវែងមួយម៉ែត្រ ដោយក្នុងប្លន់ LMAP ផ្លូវនេះ មានប្រវែង៧ម៉ែត្រ និងបានដាក់ថ្ម ខ្សាច់សម្ភារសំណង់ នៅលើផ្លូវបណ្តាលឲ្យ ផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ។
សម្រាប់លោក ភា ប្រុស វិញក៏បានឆ្លើយតបវិញថា លោកសាង់ផ្ទះខាងលើនេះ គឺគោរពទៅតាមលិខិតអនុញ្ញាតរបស់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ មិនហានធ្វើខុសនោះទេ ពីព្រោះលោកជាសមត្ថកិច្ចម្នាក់ផងដែរ ដូច្នេះជាគំរូគេគឺត្រូវគោរពច្បាប់៕