(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តការ ប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រឆាំឆមាសទី២ ឆ្នាំ ២០២០ របស់មន្ទីរប្រឆាំងគ្រឿងញៀន និងពិធីបំពាក់ឋានន្តរស័ក្តិ ដល់នាយ-នាយរងនគរបាលជាតិចំនួន៥៩រូប ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ក់ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន តំណាងរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំមានក៏ការចូលរួមពីឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងតំណាងឲ្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, នាយកដ្ឋាននគរបាលយុត្តិធម៌, នាយករងមន្ទីរ, លោកនាយការិយាល័យទាំង១១ចំណុះមន្ទីរ, លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន និងលោកស្នងការរងទទួលផែន មកពី២៥ខេត្ត-រាជធានី សរុប១៤១ រូប។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការអនុវត្ត ស្តីពីការងារប្រឆាំងការសម្អាតប្រាក់ បានមកពីបទល្មើសគ្រឿងញៀន និងបានផ្តល់អនុសាសន៍ដឹកនាំដូចខាងក្រោម៖
* គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែន ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខយ៉ាងស្រួចស្រាវ ដូច្នេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន។
* យុទ្ធនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់ភាគី និងជាពិសេសប្រជាពលនៅក្នុងសហគមន៍ ពេលដឹងថាកូនចៅមានជក់គ្រឿងញៀន ត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានការកោតសរសើរ និងលើកទឹកចិត្តឲ្យនគរបាលបង្រ្កាបគ្រឿង ខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ថ្វីត្បិតកិច្ចការនេះ វាប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ៕