(ភ្នំពេញ)៖ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានចាត់ទុកថា ការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដោយគណ:ប្រតិភូប្រទេសបែលហ្ស៊ិក និងស្វីស នាសម័យប្រជុំលើកទី៤៤ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ គឺធ្វើឡើងក្នុងហេតុផលនយោបាយ។
តំណាងអចិន្រ្តៃយ៍កម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដែលគណៈប្រតិភូទាំងពីរខាងលើ បានមើលរំលង និងមិនបានរាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីការឆ្លើយតបចំពោះមេរោគកូវីដ១៩ របស់កម្ពុជា ដែលបានដាក់បញ្ចូលនូវគោលការណ៍សិទ្ធិមនុស្ស។ នេះមិនទាន់ដាក់បញ្ចូល នូវការអនុញ្ញាតប្រកបដោយមនុស្សធម៌ឱ្យនាវាទេសចរណ៍ Westerdam ដែលជាប់គាំងលើសមុទ្រ ហើយមានពលរដ្ឋរបស់ប្រទេសទាំងពីរនៅលើនាវានោះ ចូលចតបន្ទាប់ពីបណ្ដាប្រទេសមួយចំនួន បានបដិសេធមិនទទួល និងបានផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃជូនពលរដ្ឋបែលហ្សិក០១រូប ដែលបានឆ្លងមេរោគកូវីដ១៩ នាពេលកន្លងមកផងទេ។
«របាយការណ៍បច្ចុប្បន្នភាពរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស ពុំបានលើកឡើងពីប្រទេសកម្ពុជាទាល់តែសោះ។ នេះមានន័យថា ស្ថានភាពកម្ពុជា ពុំមានអ្វីដែលគួរឱ្យព្រួយបារម្ភទេ។ បើដូច្នេះគេអាចចោទជាសំណួរសួរថា តើអ្វីទៅដែលជំរុញឱ្យគណៈប្រតិភូខាងលើថ្លែងពីកម្ពុជាបែបនេះ? ចម្លើយគឺច្បាស់ណាស់ ដោយសារហេតុផលនយោបាយ»។ នេះបើតាម តំណាងអចិន្រ្តៃយ៍កម្ពុជា។
កម្ពុជាបានបញ្ជាក់បន្ថែមថា ការលើកឡើងរបស់គណៈប្រតិភូខាងលីអំពីការដាក់ប្រទេសក្នុងគ្រាអាសន្ន មិនត្រឹមតែពុំមានមូលដ្ឋានត្រឹមត្រូវទេ គឺថែមទាំងបង្ហាញពីបុរេវិនិច្ឆ័យទៀត។ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពមានអាសន្ន ដែលត្រូវបានអនុម័ត នាពេលថ្មីៗនេះ បានគោរពយ៉ាងខ្ជាប់ខ្លួននូវគោលការណ៍ច្បាប់ ភាពសមាមាត្រ និងភាពចាំបាច់។ ម្យ៉ាងទៀត កម្ពុជាមិនដែលបានប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នទាល់តែសោះ។ រាល់ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន គឺតម្រូវឱ្យមានកុងសង់ស៊ីសពីនាយករដ្ឋមន្ត្រី ប្រធានសភាទាំងពីរថ្នាក់ និងព្រះមហាក្សត្រ ដែលរូបមន្តនេះបង្ហាញពីគោលការណ៍ត្រួតពិនិត្យ និងតុល្យភាពអំណាចនៅកម្ពុជា។
«ការពិភាក្សាដេញដោល ដែលអាចទុកចិត្តបាន និងប្រកបដោយអត្ថន័យ គួរតែផ្អែកលើ គឺស្តុតាងពិតជាក់ស្តែងអមដោយស្ថិតិជាជាងការពឹងផ្អែកទៅលើទស្សនៈផ្ទាល់ខ្លួន និងពាក្យចចាមអារ៉ាម។ ការថ្លែងថា មានការរឹតដ្បិតសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាននៅកម្ពុជា គឺជាការរើសអើង និងប្រមាថដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បែបប្រពៃណី និងឌីជីថលថ្មី និងមានស្រាប់ ចំនួនជិត ២.០០០ អង្គភាព កំពុងប្រតិបត្តិការផ្សព្វផ្សាយដោយពុំមានការត្រួតពិនិត្យជាមុនដែលក្នុងនោះមួយចំនួនរិះគន់រដ្ឋាភិបាល រាល់ថ្ងៃ រួមទាំងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលទទួលថវិកាពីរដ្ឋាភិបាល បរទេសផងដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមទៀតដោយតំណាងកម្ពុជា៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីការលើកឡើងរបស់តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រតិកម្មចំពោះគណៈប្រតិភូបែលហ្ស៊ិក និងស្វីស៖