(បាត់ដំបង)៖ គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ម្នាក់របួសស្រាល២នាក់ នៅវេលាម៉ោង១៨៖៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង១៨៖៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កដោយម៉ូតូបុកមនុស្សដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់ពេលបញ្ជូនដល់មន្ទីពេទ្យ។ ជនរងគ្រោះឈ្មោះ ឈន សុភី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រីឯម៉ូតូក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះវិញគឺ សង់C125 ពណ៌ខ្មៅ សេរី២០១៦ ពាក់ផ្លាកលេខ បាត់ដំបង 1T-3842 អ្នកបើកបរម៉ូតូ ឈ្មោះ ម៉េន សីុម៉េង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសួនពៅលិច សង្កាត់-ក្រុង-ខេត្តប៉ៃលិន។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្សេងទៀត គឺបានកើតឡើងនៅវេលាម៉ោង១៨៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិស្នូល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយម៉ូតូបុកនឹងម៉ូតូ។ សាក្សីដែលឃើញហេតុការ បាននិយាយថា ម៉ូតូមួយគ្រឿងម៉ាក សង់C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ បាត់ដំបង 1L-7945 បើកបរដោយឈ្មោះ ម៉ៅ ឈន់ ភេទ ប្រុស អាយុ ៣២ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិសង្កែរវា ឃុំបវេល ស្រុកបវេល បើកបរពីទិសខាងលិចទៅកើត លុះដល់ចំណុចខាងលើ បានបុកម៉ូតូ មួយគ្រឿងទៀតម៉ាកសង់ស៊េរីចាស់ គ្មានផ្លាកលេខ ត្រូវបានដាក់បណ្តើរព្រោះខូចជិះមិនកើត ហើយក៏ត្រូវម៉ូតូខាងលើដែលបើកបរស្របទិសគ្នានោះ បុកចំពីក្រោយ បណ្តាលឲ្យអ្នកបណ្តើរម៉ូតូឈ្មោះ ហំ ស៊ីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលអោយរបួសស្រាល ។
មូលហេតុ ដោយសារតែម៉ូតូបង្ករ ជិះក្នុងល្បឿនលឿន ក៏កៀម៉ូតូមួយគ្រឿងទៀតដែលខូចបណ្តើរនៅចិញ្ចើមផ្លូវ បណ្តាលអោយរបួសធ្ងន់ខ្លួនឯង ៕