(សិង្ហបុរី)៖ ក្រសួងសន្តិសុខអន្តរជាតិ​ បានធ្វើការចាប់ខ្លួន បុរសជនជាតិបង់ក្លាដេស ចំនួន២៧នាក់ ដែលកំពុងធ្វើការនៅ ក្នុងប្រទេសសិង្ហបុរី ដែលបាននឹងកំពុងគ្រោងចូលរួម ធ្វើសកម្មភាពភេរវកម្ម នៅតាមបណ្តាប្រទេសផ្សេងៗ ក្នុងនោះរួមទាំងប្រទេសបង់ក្លាដេស ដែលជាមាតុភូមិ របស់ខ្លួនផងដែរ ប៉ុន្តែក្រុមអាជ្ញាធរបានបញ្ជាក់ថា មិនមានសកម្មភាពភេរវកម្ម ត្រូវបានគ្រោងធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរីនោះទេ នេះបើតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

បុរសទាំង២៧នាក់នោះ គឺកំពុងមប្រើការងារ នៅក្នុងឧស្សាហកម្មសំណង់ នៅសិង្ហបុរី ដោយការចាប់ខ្លួនត្រូវបានធ្វើឡើង ​ក្រោមអង្គភាពសកម្មភាព សន្តិសុខអន្តរជាតិ (ISA) ចម្លោះពីថ្ងៃទី១៦ ខែវិច្ចិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នេះបើតាមការបញ្ជាក់ ពីក្រសួងកិច្ចការជាតិសិង្ហបុរី បានឲ្យដឹងនៅថ្ងៃពុធនេះ។ ទាំង២៧នាក់ មានម្នាក់ប៉ុណ្ណោះ ដែលបានវិលត្រឡប់ទៅបង់ក្លាដេសវិញ បន្ទាប់ពីបានជាប់ពន្ធធនាគារ ពីបទមានបំណងចាកចេញពីសិង្ហបុរី ដោយខុសច្បាប់។

ក្រុមបុរសដែលត្រូវបាន ចាប់ខ្លួននេះ ២៦នាក់ ជាសមាជិកនៃក្រុមសិក្សាសាសនាដ៏ជិតស្និត ដែលគាំទ្រមនោគមនវិជ្ជាកងប្រដាប់អាវុធ នៃក្រុមភេរវកម្ម ដូចជាក្រុម Al Qaeda និងក្រុម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕