(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃអង្គារ បានព្រមានរដ្ឋាភិបាលចិន ប្រឆាំងនឹងការខួងរុករករ៉ែ នៅតំបន់ដែនទឹកសមុទ្រចិនភាគខាងត្បូង ដែលកំពុងមានបញ្ហាជម្លោះ នេះបើតាមព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីពេលមុននេះ បានដឹកនាំការជីកអណ្តូងរ៉ែប្រេងមួយ នៅចំណុចកណ្តាល នៃតំបន់ប្រឈមមុខដាក់គ្នា រវាងប្រទេសទាំងពីរ ហើយជាកន្លែងដែលមិនទាន់មាន ដែនសមត្ថកិច្ចច្បាស់លាស់នៅឡើយ។
នៅពាក់កណ្តាលឆ្នាំ២០១៤ ចលនានៃការជីកអណ្តូងរ៉ែប្រេង បានបណ្តាលឲ្យ ទំនាក់ទំនងការទូត នៃប្រទេសទាំងពីរធ្លាក់ចុះយ៉ាងខ្លាំង នៅអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ នៅពេលដែលភាគីចិន បានតាំងទី រយៈពេល១០សប្តាហ៍ នៅលើដែនទឹករបស់វៀតណាម ដោយចាត់ទុកថាជាដែនទឹករបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានបញ្ជាក់ថា ការខួបរ៉ែរបស់ចិន បានធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅលើទីតាំងដែលប្រទេសទាំងពីរបានអះអាងថា ជាដែនទឹករបស់ខ្លួន រៀងៗខ្លួន៕