(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និងវាយតម្លៃក្នុងការធ្វើអត្ថសញ្ញាណកម្ម ផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ ត្រូវតែអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិត្យភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញបែបនេះ នៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រតាមការស្នើសុំ (OD IDpoor) ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺ COVID-19 នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោកបានសង្កត់ធ្ងន់ថា «ការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិសដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិ COVID-19 គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរ មិនបានដឹងនោះទេ»។
លោក ឃួង ស្រេង បន្ថែមថា មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិខិតស្នើសុំប័ណ្ណសមធម៌របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញនូវបាតុភាពណាមួយកើតឡើងដោយកិច្ចការបំភ័ន្ត បក្ខពួក បងប្អូន គ្រួសារមនោសញ្ចេតនាមន្រ្តីក្រោមឱវាទ របស់ខ្លួនដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ដល់អារម្មប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានការឧបត្ថម្ភ។
អភិបាលរាជធានីបញ្ជាក់ថា «បើចង់ជួយដល់មន្រ្តី ឬក្នុងមានមនោសញ្ចេតនាអាណិតអាសូរ ត្រូវតែប្រើប្រាស់យន្តការដោះស្រាយ ក្នុងកម្រិតរដ្ឋបាលខណ្ឌដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាព ដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការជួយសម្រួលឱ្យបានសមស្របនឹងតាមលទ្ធភាព»។
ទាក់ទិននឹងលទ្ធផលដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធប្រឆាំងជំងឺ COVID-19 និងការអនុញ្ញាតឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៅរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានឱ្យដឹងថា គិតមកដល់ពេលនេះ គឺស្ទើរតែគ្រប់ខណ្ឌ និងសង្កាត់ទាំងស្រុងទៅហើយ នៅសេសសល់មួយចំនួន ដោយសារមានករណីមរណភាព ឈ្មោះស្ទួន និងកិច្ចការបច្ចេកទេសមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះ មន្រ្តីគ្រប់ភាគីពាក់ព័ន្ធ កំពុងមមាញឹកដោះស្រាយដោយ តម្លាភាព ទន់ភ្លន់ និងសុក្រិត្យផងដែរ៕