(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវកាត់តំបន់មានប្រជាពលរដ្ឋរស់នៅចេញឱ្យផុតពីផែនទីគម្របព្រៃឈើ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ឱ្យប្រជាពលរដ្ឋរស់នៅជារឿងមួយត្រឹមត្រូវ លើកលែងតែកាត់ដីទៅលក់ឱ្យឯកជន។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះ «សម្តេចតេជោ បញ្ជាឱ្យគ្រប់ស្ថាប័នដែលពាក់ព័ន្ធ កាត់តំបន់ដែលមានប្រជាជនរស់នៅឱ្យចេញផុតពីផែនទីគម្របព្រៃឈើ។ ត្រូវទុកឱ្យប្រជាជនរស់នៅផង... កុំតែកាត់ដីទៅលក់ឱ្យឯកជន»។
បើតាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ ក្នុងកិច្ចប្រជុំនេះសម្តេចតេជោ ហ៊ុន សែន បានលើកពីផលប៉ះពាល់ដល់បរិស្ថានកើតចេញពីការអភិវឌ្ឍផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា មិនដែលមានការអភិវឌ្ឍណាមួយដែលគ្មានសម្ពាធទៅលើបរិស្ថានសោះនោះទេ។
យោងតាមទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ បានចេញបទបញ្ជាទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។
សម្តេចតេជោ បានបន្ថែមថា កន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានប្រជាពលរដ្ឋ បានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ សម្តេចតេជោ បន្តថា នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឱ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំឱ្យពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយឱ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឱ្យបានហ្មត់ចត់ និងត្រឹមត្រូវបំផុត៕