(ប៉េកាំង)៖ អតីតទីប្រឹក្សានយោបាយរបស់ប្រទេសចិន លោក Yang Gang នៅថ្ងៃពុធនេះ ត្រូវបានតុលាការក្រុងប៉េកាំង កាត់ឲ្យជាប់ពន្ធធនាគាររយៈពេល ១២ឆ្នាំ ពីបទទទួលសំណូក នេះបើតាមព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
លោក Yang Gang គឺជាអតីតប្រធានគណៈកម្មាធិកាកិច្ចការសេដ្ឋកិច្ច នៃគណៈកម្មាធិកាជាតិ ពិគ្រោះពិភាក្សានយោបាយប្រជាជនចិន។ តុលាការបានប្រកាសសាលក្រម ជាសាធារណៈ ហើយទ្រព្យសម្បត្តិរបស់ជនជាប់ទោស ដែលមានតម្លៃ ១៥២.០០០ដុល្លារសហរដ្ឋអាម៉េរិក ក៏ត្រូវបានរឹបអូសផងដែរ។ តុលាការបានរកឃើញថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៨ ដល់ខែសីហា ឆ្នាំ២០១៣ លោក Yang Gang និងតាមរយៈប្រពន្ធ ព្រមទាំងកូនប្រុស បានទទួលសំណូកជាសាច់ប្រាក់ ១២,១៦លានយ័ន, ប្រាក់ ១១.០០០ដុល្លារសហរដ្ឋអាម៉េរិក និងទ្រព្យសម្បត្តិដទៃទៀត មានតម្លៃ ១,៥៦លានយ័ន៕