(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ»។
យោងតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើព្រទ្យសម្បតិ្តរដ្ឋនេះ ត្រូវបានរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក និង៩០មាត្រា។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនេះ ត្រូវបានរៀបចំតាក់តែងឡើង ក្នុងគោលដៅពង្រឹងក្របខណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍៖ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បតិ្តរដ្ឋ របបគតិយុត្តគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋច្បាប់លាស់ជាក់, ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ, ការផ្ទេរសិទ្ធិកាន់កាប់, ការអភិវឌ្ឍ, ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ ជាដើម។ល។
សេចក្តីព្រាងច្បាប់នេះធ្វើឡើង ដើម្បីពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព និងចីរភាព ទន្ទឹមនឹងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធានសាធារណៈ ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិសម្រាប់គាំទ្រដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យកាន់តែមនាការរីកចម្រើនឈានឡើងក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលមធ្យម និងវែងតទៅមុខទៀត។
សេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចល្អ ដែលអាចជួយសម្រួលដល់ការបំពេញមុខងារបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នរដ្ឋ សំដៅលើកំម្ពស់ប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងកាចចាត់ចែងលើទ្រព្យត្តិរដ្ឋ ស្របតាមឧត្តមានុវត្តន៍ជាអនុរជាតិ និងតថភាពជាក់ស្ដែងនៃកម្ពុជា។
នៅពេលចូលជាធរមានច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតនៅក្រោមអធិបតេយ្យភាព និង/ឬយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។
ការគ្រប់គ្រង ការការពារ ការប្រើប្រាស់ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋរបស់ធនាគារជាតិនៃកម្ពុជា ត្រូវស្ថិតនៅក្រោមវិសាលភាពនៃច្បាប់ស្ដីពីការរៀបចំនឹងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា៕