(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាដីធ្លីដល់ពេលដែលត្រូវតែជម្រះ និងត្រូវវះកាត់ហើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។
បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការថ្លែងរបស់សម្តេច គឺជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់លើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «រឿងដីធ្លីត្រូវតែជំរះគ្នាម្តង។ ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ»។
សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរក្នុងសប្តាហ៍កន្លងទៅនេះ។ វិវាទដីធ្លីនេះ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។
ជាមួយគ្នានេះ លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក រ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសួរនាំផងដែរ៕