(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា» បានប្រតិកម្មជាមួយក្រសួងស្ថាប័នមួយចំនួន ដែលបង្កើតពាក្យថ្មីដោយមិនឆ្លង ឬមិនពិភាក្សាជាមួយរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាជាតិភាសាខ្មែរ។

បើតាមលោកបណ្ឌិត សុខ ទូច ការដែលចេញពាក្យថ្មីដោយមិនមានការពិភាក្សានេះ នាំឱ្យមានភាពឆ្គាំឆ្គង ឬការងឿងឆ្ងល់ពីសាធារណជនជាដើម។ ក្នុងសន្និសីទនោះ លោក សុខ ទូច បានចុចចំឈ្មោះរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថា មិនដែលពិភាក្សា ឬឆ្លងជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរនោះទេពេលបង្កើតពាក្យថ្មី។

ការប្រតិកម្មរបស់លោក សុខ ទូច បន្ទាប់ពីមានសាធារណជនមួយចំនួនមានការងឿងឆ្ងល់ចំពោះពាក្យ «នវានុវត្តន៍» ដែលជាពាក្យសម្គាល់ថ្មីសម្រាប់ក្រសួងរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នោះ។

ការលើកឡើងរបស់លោក សុខ ទូច នាំឱ្យមានការប្រតិកម្មតបពីសំណាក់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដោយបានពន្យល់ថា ពាក្យ «នវានុវត្តន៍» នេះ មិនមែនជាពាក្យទើបបង្កើតថ្មីដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នោះទេ គឺជាពាក្យដែលត្រូវបានប្រើប្រាស់យូរណាស់មកហើយ។

ក្រោយទទួលបានការប្រតិកម្មពីលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ, លោក សុខ ទូច បានសូមការអភ័យទោសពីលោកទេសរដ្ឋមន្ត្រី ចំពោះកំហុសឆ្គង និងការយល់ច្រឡំរបស់លោក៕

 

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា