(កណ្ដាល)៖ កម្លាំងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែក យីហោ ឈ្មោះថុន ណាត ដែលអន់គុណភាព និងខុសច្បាប់ ស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។
ប្រតិបត្តិការនេះ មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល។
ក្រោយពីការចុះត្រួតពិនិត្យ គណៈកម្មាធិការអន្តរក្រសួងរបស់ គ.ប.ផ.ក. បានរកឃើញផលិតផលអន់គុណ និងខុសច្បាប់ជាច្រើនមុខរួមមាន៖ គ្រាប់សណ្តែកសៀង ចំនួន៦០បាវ, គ្រាប់កាហ្វេលេខ១ ចំនួន០៦បាវ, គ្រាប់កាហ្វេលេខ២ ចំនួន១០បាវ, កាហ្វេលីងរួច ចំនួន០៦បាវ, ម៉ាស៊ីនលាយប៊ឺ ចំនួន០១គ្រឿង, ម៉ាស៊ីនលាយស្ករ ចំនួន០១គ្រឿង, កាហ្វេច្រកជាកញ្ចប់រួច ចំនួន៣០កញ្ចប់, ប៊ឺរចំនួន០៦ធុង, មេក្លិនសំរាប់លាយកាហ្វេ ចំនួន១២ធុង, ទឹកត្រី ចំនួន០៣កាដុង, ស្រាស ចំនួន០១កាន, កាហ្វេផលិតរួច ចំនួន១៤កញ្ចាប់ (កាហ្វេខ្មែរធម្មជាតិ)។
ក្នុងនោះក៏មានគ្រឿងសម្រាប់លាយកាហ្វេមួយចំនួន៖ ប៊ឺរ, ទឹកស្ករ CARAMEL, មេក្លិនសំរាប់លាយកាហ្វេ, ល័ក្ខពណ៌, ស្ករស, អំបិល, ទឹកត្រី, ស្រាស, ប៊ីចេង, ទឹក,ដោះគោ, សណ្តែកសៀង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ អន្តរក្រសួងរបស់ គ.ប.ផ.ក ពិនិត្យឃើញថា ទីតាំងសិប្បកម្មលីងកាហ្វេ និងសណ្តែកនេះមានកំហុសជាច្រើន៖ មិនមានលើកស្លាកយីហោ, ពុំមានចុះបញ្ជីផលិតផល (ចបផ), គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព, នៅលើសំបកវិចខ្ចប់កាហ្វេមិនមានដាក់អាសយដ្ឋាន និងរបៀបប្រើប្រាស់, នៅលើសំបកវិចខ្ជប់កាហ្វេដាក់កាហ្វេសុទ្ធ១០០% ដែលនៅក្នុងការវិចខ្ជប់នោះ លាយសារធាតុផ្សំជាច្រើន និងទីតាំងគ្មានអនាម័យ។
ក្រៅពីសម្ភារវត្ថុតាងខាងលើនេះ សមត្ថកិច្ចពុំបានដកហូត ឬធ្វើឲ្យខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យសមត្ថកិច្ចចម្រុះ ឃ្លុំបេបិទទីតាំង និងអញ្ជើញម្ចាស់ទីតាំងខាងលើមកបំភ្លឺ ពាក់ពន្ធ័ករណីខាងលើ នៅលេខាធិការដ្ឋាន នៃគ.ប.ផ.ក. ដើម្បីអនុវត្តតាមនីតិវិធីបន្ដ៕