(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ សំ តុលា បានបន្តដាក់ផែនការដល់កងកម្លាំងរបស់ខ្លួន ឲ្យខិតខំកាន់តែខ្លាំងឡើង លើការបង្ក្រាបបទល្មើសនានា និងបន្តជួយសង្គ្រោះប្រជាពលរដ្ឋ តាមគ្រប់រូបភាព នៅតាមមូលដ្ឋាន។
ការជំរុញដល់កងកម្លាំងរបស់ខ្លួនខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល។ នៅចំពោះមុខមេបញ្ជាការរង និងមន្រ្តីអាវុធហត្ថទាំងអស់ លោកឧត្តមសេនីយ៍ សំ តុលា ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខ កោតសរសើរ និងអរគុណនាយ នាយរង ពលអាវុធហត្ថទូទាំងខេត្តពី នាយឧត្តមសេនីយ៍ សៅ សុខា លោកបានជំរុញឲ្យកងកម្លាំងទាំងអស់ពង្រឹងការងារជំនាញ បង្ការ បង្ក្រាប បទល្មើសឲ្យមានប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានេះ កងកម្លាំងទាំងអស់ ត្រូវបន្តជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះធម្មជាតិផ្សេងៗ។ លោកមេបញ្ជាការបានថ្លែងទៀតថា តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា យើងត្រូវយកចំណុចខ្សោយ ដែលអនុវត្តមន៍មិនទាន់បានធ្វើឆ្នាំ២០១៥ ធ្វើជាផែនការ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០១៦ ហើយត្រួតពិនិត្យពេលប្រជុំ និងត្រូវពង្រឹងការគោរពវិន័យ បទបញ្ជាឲ្យបានរឹងមាំ និងម៉ឺងម៉ាត់។
បន្ថែមលើសនេះទៅទៀត កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់បឋមលើ ការហូប ស្នាក់នៅ ស្លៀកពាក់ និង សុខមាលភាពកងកម្លាំងក្រោមឪវាទ៕