(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរមតិយោបល់លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាមួយលោក សាង ជីនវេ ប្រធានសេដ្ឋកិច្ចវិទូ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងជំនួបពិភាក្សានេះ លោករដ្ឋលេខាធិការ វង្សី វិស្សុត បានលើកឡើងថា នៅក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបានកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ទោះបីកម្ពុជាបានធ្វើការផ្លាស់ទាំងនយោបាយ និងស្ថាប័នទាំងស្រុង ដើម្បីអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ហើយកម្ពុជាបានជួបប្រទះនឹងភាពមិនប្រាកដប្រជា និងហានិភ័យច្រើន ទាំងនៅក្នុង និងក្រៅប្រទេសក៏ដោយ។
បើគិតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណជាង ៧% ក្នុងមួយឆ្នាំ ហើយអតិផរណាមានកម្រិតទាប និងអត្រាប្តូរប្រាក់មានស្ថេរភាពខណៈដែលវិសមភាពសង្គម កាន់តែរួមក្តោប តូចជាលំដាប់ដែលជាការសបញ្ជាក់ឱ្យឃើញថាកម្ពុជាមិនត្រឹមតែសម្រេចបាននូវមូលដ្ឋានសេដ្ឋកិច្ចមួយដែលមានកំណើនខ្ពស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រកបដោយគុណភាពទៀត។ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា «នៅក្នុងលោកយើងនេះ មិនមែនមានប្រទេសដែលធ្លាប់ឆ្លងកាត់សង្រ្គាមដូចកម្ពុជាច្រើនទេ ដែលអាចសម្រេចបានដូចនេះ។
កម្ពុជាបានមើលឃើញយ៉ាងច្បាស់ថា បើគ្មានកំណើនទេ កម្ពុជាពិតជានឹងមិនអាចសម្រេចបាននូវអ្វីៗទាំងអស់ ពោលគឺ បើគ្មានកំណើនសេដ្ឋកិច្ច ក៏នឹងគ្មានការបង្កើនការងារ និងឱកាសរកប្រាក់ចំណូលបានសមរម្យនោះដែរ។ ប៉ុន្តែយើងត្រូវធានាថា កំណើននេះ គឺត្រូវតែប្រកបដោយចិរភាព និងបរិយាកាស។
ពាក់ព័ន្ធប្រាក់ឈ្នួលអប្បរមាក្នុងវិស័យកាត់ដេរ លោករដ្ឋលេខាធិការបានលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំតម្លើងប្រាក់ឈ្នួលអប្បរមាជាបន្តបន្ទាប់ ហើយមានកម្រិតខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់ ដូចជា ឡាវ មីយ៉ាន់មា និងបង់ក្លាដេសជាដើម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏កំពុងគិតគូរផងដែរ អំពីការលើកកម្ពស់ផលិតភាពការលើកកម្ពស់លក្ខខណ្ឌការងារនិងទំនាក់ទំនងវិជ្ជាជីវៈក្នុងវិស័យកាត់ដេរ ព្រមទាំងការខិតខំលើកកម្ពស់តម្លៃបន្ថែមរបស់វិស័យនេះ ឱ្យឈានឡើងដល់កម្រិតមួយថ្មីទៀត។ ដូច្នេះ អ្វីដែលសំខាន់បំផុតក្នុងពេលបច្ចុប្បន្ននេះ គឺការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារ។ ហេតុនេះហើយទើបបានជានៅក្នុងច្បាប់ថវិកាឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលបានបង្កើនថវិកាយ៉ាងច្រើនដល់ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តនូវការងារអាទិភាពមួយចំនួន។
នៅចុងក្រោយនេះ លោកសាង ជីន វេ ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានវាយតម្លៃចំពោះសមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលកម្ពុជាសម្រេចបានជាបន្តបន្ទាប់។ លោករដ្ឋលេខាធិការ និងឯកឧត្តមប្រធានសេដ្ឋកិច្ចវិទូ ក៏បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើគោលនយោបាយអភិឌ្ឍន៍នានា ហើយបន្ទាប់មក ភាគីទាំងពីក៏បានធ្វើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ផងដែរ ៕