(ភ្នំពេញ)៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមទាំងសហការីទាំងអស់ បានអញ្ជើញប្រគេនទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាគង់នៅវត្តឃ្មួញ ស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, នារសៀលថ្ងៃទី២ កក្កដា ២០២០។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
សម្រាប់ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយ នៃការគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកទៅដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំវស្សា។
ជាពិសេស នេះជាទំនៀមមួយដែលបង្ហាញពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការហែទេយ្យទានទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿចាប់យកនូវមគ្គផលកុសលផលបុណ្យ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារពី ជំងឺកូវីដ១៩ (COVID-19) ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងនៅឡើយ។
សូមជម្រាបថា ទៀនវស្សា ទេយ្យវត្ថុ និងថវិកា របស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ព្រមទាំងសហការីទាំងអស់
បានប្រគេនវត្តឃ្មួញ រួមមាន៖ ស្លាដក អង្ករ មីជាតិ ប្រេងឆា ស្ករស ទៀន ធូប ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោខាប់ ទឹកបរិសុទ្ធវីតាល់ តែ ទឹកផ្លែឈើ អំបិល ផ្លែឈើ និងបច្ច័យមួយចំនួនផងដែរ៕