(កំពង់ស្ពឺ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា អមព្រះរាជដំណើរដោយ ព្រះមន្រ្តីសង្ឃ, លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ រួមទាំងមន្រ្តីមូលដ្ឋានស្រុកភ្នំស្រួចជាច្រើនរួប បានបំពេញព្រះរាជសកម្មភាព ក្នុងការងារមនុស្សធម៌ ដោយផ្ដល់អំណោយចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នៅក្នុងបរិវេណវត្តព្រះពោធិសត្វគីរីរម្យ ស្ថិតនៅក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ។ សកម្មភាពនេះ បានធ្វើឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសនៅក្នុងដំណាក់កាលវិបត្តិ កូវីដ១៩។
ព្រះនិស្ស័យសត្ថា សៀរ ភារ៉ា ព្រះលេខាធិការផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បានមានថេរដីការបញ្ជាក់ថា «ការព្រះរាជទានអំណោយនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លា ហើយក៏ចាត់ទុកជាការចូលរួមយ៉ាងសំខាន់របស់វិស័យពុទ្ធចក្រ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ឱ្យមានភាពប្រសើរឡើង ជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ផ្ទាល់តែម្ដង»។
ព្រះនិស្ស័យសត្ថា សៀរ ភារ៉ា បានបន្តថា កន្លងមកសម្ដេចព្រះមហាសង្ឃរាជ បានបំពេញព្រះរាជសកម្មភាពមនុស្សធម៌ជាច្រើន ដោយថ្មីៗនេះព្រះអង្គបានប្រទានអំណោយដល់គ្រួសារក្រីក្រជិត ២០០០គ្រួសារមកហើយ ទាំងនៅក្នុងរាជធានីភ្នំពេញ នៅខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប និងតាមបណ្ដាខេត្តមួយចំនួនទៀត។
ជាមួយគ្នានោះ សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ក៏បានផ្តល់ព្រះរាជឱវាទ ប្រាប់ដល់ព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន ដែលមានវត្តមានទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ ស្ដាប់និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩។ នៅក្នុងឱកាសនោះដែរ សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ដល់លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ, ព្រះមេគណខេត្តកំពង់ស្ពឺ និងព្រះតបសីលោ ហៀក ឡឹង ព្រះចៅអធិការវត្តព្រះពោធិសត្វគីរីរម្យ ផងដែរ។
សូមបញ្ជាក់ថា ព្រះរាជអំណោយដែលប្រគល់ជូននាពេលនេះ ក្នុង១គ្រួសារ ទទួលបាន អង្ករចំនួន៥០គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ និងថវិកា៥ម៉ឺនរៀល៕