(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ១៩ លើគ្រប់អ្នកដំណើរទាំងអស់ ដែល ចូលមកដល់ទឹកដីកម្ពុជា គឺធ្វើឡើងក្នុងគោលដៅ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ ពីប្រទេសក្រៅ ដល់ប្រជាជន ដែលពុំទាន់ប៉ះពាល់ដោយមេរោគនេះ នៅក្នុងប្រទេសកម្ពុជាយើង។

មានមូលហេតុសំខាន់ៗមួយចំនួនដែលនាំឲ្យក្រសួងតម្រូវបែបនេះមានដូចជា៖

១៖ លទ្ធផលនៃការធ្វើតេស្តមកពីប្រទេសផ្សេងៗ អាចមានភាពត្រឹមត្រូវកំរិតផ្សេងៗគ្នា។ នេះបានសេចក្តីថា លទ្ធផលតេស្តអវិជ្ជមាន៧២ម៉ោង មុនឡើងយន្តហោះ គឺជាវិធានការដាក់ឲ្យប្រើប្រាស់ សម្រាប់បង្ការ និងកាត់បន្ថយការចម្លងនៅលើយន្តហោះ និងក្នុងពេលធ្វើដំណើរ។

២៖ នៅពេលធ្វើដំណើរនៅលើយន្តហោះ និងទីកន្លែងឆ្លងកាត់ផ្សេងៗ អ្នកដំណើរទាំងឡាយអាចប្រឈមនឹងការចម្លងមេរោគកូវីដ១៩ ផងដែរ។

៣៖ ការធ្វើតេស្តក្រោយពីចុះយន្តហោះមកដល់ប្រទេសកម្ពុជា គឺធ្វើឡើងដើម្បីជួយក្នុងការកំណត់ថា តើអ្នកដំណើរម្នាក់ៗ ត្រូវអនុវត្តនូវវិធានការសមស្របណាមួយក្នុងចំណោមវិធានការបីខាងក្រោម៖

ក៖ ប្រសិនបើអ្នកដំណើរណាធ្វើតេស្តរកឃើញថាវិជ្ជមាន គាត់នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល។

ខ៖ ប្រសិនបើនៅលើយន្តហោះណាមួយ មានអ្នកដំណើរណាម្នាក់ ធ្វើតេស្តឃើញថាវិជ្ជមានអ្នកធ្វើដំណើរផ្សេងទៀតនៅលើយន្តហោះជាមួយគ្នាទាំងអស់នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ឬសណ្ឋាគារ ដែលរៀបចំដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីតាមដានសុខភាពរយៈពេល១៤ថ្ងៃ។

គ៖ ប្រសិនបើនៅលើយន្តហោះពុំមានអ្នកដំណើរណាម្នាក់ ធ្វើតេស្តឃើញថាវិជ្ជមានទេអ្នកដំណើរទាំងអស់នឹងត្រូវបានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កនៅផ្ទះ ឬកន្លែងស្នាក់នៅ ដែលនឹងត្រូវតាមដានសុខភាពដោយមន្រ្តីសុខាភិបាល និងរដ្ឋអំណាចមូលដ្ឋានចំនួន១៤ថ្ងៃ។ ក្រុមដែលធ្វើចត្តាឡីទាំងពីរខាងលើ ត្រូវធ្វើតេស្តបញ្ជាក់ជាថ្មីទៀតនៅថ្ងៃទី១៣ ដើម្បីឲ្យប្រាកដថា អ្នកទាំងនោះពុំមានផ្ទុកវីរុសកូវីដ១៩។ ការប្រតិបត្តិវិធានការខាងលើ ត្រូវធ្វើដោយម៉ឹងម៉ាត់ និងប្រាកដប្រជា ដើម្បីធានាថា សហគមន៍របស់យើង មានសុវត្ថិភាព រួចផុតពីការឆ្លងវីរុសកូវីដ១៩៕